រដ្ឋបាលស្រុកទឹកឈូបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងសិស្សវិទ្យាល័យ

កំពតៈកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោក សៅ សំបូរ ប្រធានក្រុមប្រឹក្សាស្រុក និងលោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានដឹកនាំបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការស្រុក សមាជិកក្រុមប្រឹក្សាស្រុក  មន្រ្តីកិច្ចសន្យា មន្រ្តីហាត់ការ  និងស្មៀនឃុំទាំង១៣ ដែលបម្រើការងារក្នុងសាលាស្រុកទឹកឈូទាំងមូល។

លោក អ៊ឹម ច័ន្ទសោធន បានលើកឡើងថា  គ្រឿងញៀនជាបញ្ហាចម្បងដែលធ្វើឲ្យប៉ះពាល់ដល់សង្គមនាពេលបច្ចុប្បន្ន ហើយប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចេញបទបញ្ជាលេខ ០១ ប.ប ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមិនមានការលើកលែងឡើយ។ ដូច្នេះក្នុងនាមខ្លួនជាមមន្ត្រី សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ហើយក្នុងករណីរកឃើញមន្ត្រីណាម្នាក់ មានសារធាតុញៀន លោកនឹងត្រូវអនុវត្តតាមបទបញ្ជា ។

លោកអភិបាលស្រុកទឺកឈូ បានសំណូមពរឲ្យអាជ្ញាធរ ពង្រឹងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការចុះបង្ក្រាបគ្រឿងញៀន ក្នុងស្រុកទឹកឈូឲ្យមានសភាពល្អប្រសើរ ហើយរដ្ឋបាលស្រុកនឹងអនុវត្តវិធានការចុះពិនិត្យរកសារធាតុញៀននេះនៅលើសិស្សានុសិស្សនៅតាមវិទ្យាល័យទាំងអស់ទូទាំងស្រុក។ ប្រសិនបើរកឃើញសិស្សណាមានសារធាតុញៀន នឹងត្រូវអនុវត្តន៍តាមច្បាប់ ឬត្រូវយកទៅមណ្ឌលអប់រំផងដែរ។
សូមជម្រាបថា រដ្ឋបាលស្រុកទឹកឈូជាស្រុកដំបូងគេ ធ្វើតេស្តទឹកនោមរកសារធាតុញៀន បន្ទាប់ពីរដ្ឋបាលខេត្តកំពត ខណៈដែលមន្ទីរមួយចំនួនបាននិងកំពុងធ្វើរួចរាល់ហើយដែរ៕
ដោយ ÷ សិលា សារិន

ads banner