រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដអនុវត្តនូវកម្មវិធីជំនួយសង្គមសំខាន់ៗ មួយចំនួន

(ភ្នំពេញ)៖ បច្ចុប្បន្នរាជរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ដអនុវត្តនូវកម្មវិធីជំនួយសង្គមសំខាន់ៗ មួយចំនួនរួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីផ្ដល់អាហារតាមសាលារៀន (school feeding program) ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ កម្មវិធីអាហារូបករណ៍ថ្នាក់បឋមសិក្សា និងមធ្យមសិក្សាសម្រាប់កុមារមកពីគ្រួសារក្រីក្រ កម្មវិធីរបបគោលនយោបាយ សម្រាប់ជនពិការក្នុងសហគមន៍ និងកម្មវិធីសាច់ប្រាក់ពលកម្ម (cash for work) ជាដើម។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីរាជការ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហការី ព្រមទាំងថ្នាក់ដឹកនាំ និងលោក លោកស្រីជាមន្ត្រីរាជការ នៃក្រសួងអធិការកិច្ចទាំងអស់ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជាបាននិងកំពុងរស់រានសោយសុខក្នុងម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពពេញផ្ទៃប្រទេស។ ក្រោមអគ្គមគ្គុទេសក៏ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ កម្ពុជាបន្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច និងបានផ្លាស់ប្តូរមុខមាត់គួរជាទីមោទនៈ។

សមិទ្ធផលទាំងនេះបានជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយជីវភាព និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង និងសម្លឹងឆ្ពោះទៅមុខ ប្រកបដោយក្តីសង្ឈឹម ភាពជឿជាក់ និងឆន្ទៈមោះមុត ក្នុងការសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាត្រីវិស័យបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែមានកំណើនសេដ្ឋកិច្ចរីកចម្រើន ក្នុងគោលដៅដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្ដអភិវឌ្ឍន៍ និងពង្រីកប្រព័ន្ធគាំពារសង្គម។

ឯកឧត្តម ហួត ហាក់ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ប.ស.ស. ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទនៈជូនជាតិ និងប្រជាជន និងសូមកោតសរសើរ ចំពោះការចូលរួមអនុវត្តការងារពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់នៃក្រសួងអធិការកិច្ច ប្រកបដោយការទទួលខុសត្រូវនិងបន្ដចូលរួមអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner