កាកបាទក្រហមកម្ពុជា បន្តចុះផ្សព្វផ្សាយស្តីពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

(ភ្នំពេញ)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានបន្តចុះផ្សព្វផ្សាយស្តីពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ឈានឆ្ពោះអបអរខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងអំណរគុណលោកជំទាវអគ្គលេខាធិការ និងសហការី ដែលបានចុះមកផ្សព្វផ្សាយនូវប្រធានបទដ៏មានសារសំខាន់ដើម្បីឱ្យយើងទាំងអស់មានសុខភាពល្អនិងមានភាពសុំាទៅនឹងអាកាសធាតុ។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបន្ថែមថា “និស្សិតបន្ទាប់ពីទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យដែលបានផ្តល់ជូន ត្រូវមានឥរិយាបទ២សំខាន់ៗទៀតគឺ ភាពអត់ធ្មត់ និងឱ្យចេះក្រែងចិត្តអ្នកដទៃ ព្រោះភាពអត់ធ្មត់កក្តាដ៏សំខាន់ដើម្បីជោគជ័យគ្រប់ភារកិច្ច និងភាពក្រែងចិត្តអ្នកដទៃនេះគឺពេលយើងធ្វើនូវទង្វើអ្វីមួយឬបំពេញភារកិច្ចអ្វីតើវាប៉ះពាល់ដល់អ្នកដទៃដែរឬទេ ហើយទង្វើទាំងនោះហើយដែលផ្តល់តម្លៃឱ្យខ្លួនឯង”។

លោកជំទាវ ពុំ ចន្ទីនី បាននាំព្រះរាជបន្ទូល ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានថ្លែងអំណរគុណសម្រាប់ការចូលរួមនៅថ្ងៃនេះដែលជាការលើកកម្ពស់ឆន្ទៈមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាកលវិទ្យាល័យ ហើយសង្ឃឹមថាក្មួយៗនឹងទទួលយកទៅអនុវត្តដើម្បីធានាធ្វើយ៉ាណាឱ្យខ្លួនយើងមានសុខភាពល្អជួយអប់រំផ្សព្វផ្សាយបន្តដល់មិត្តភ័ក្របងប្អូននៅក្នុងសហគមន៍ និងនៅក្នុងក្រុមគ្រួសារបានយល់ដឹងដូចគ្នាបានជាប្រយោជន៍សម្រាប់ខ្លួនឯងផង សម្រាប់គ្រួសារផង និងរួមគ្នាជាសហគមន៍ដែលមានសុខភាពល្អ អាចទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងនេះលោកជំទាវអគ្គលេខាធិការ សូមអំពាវនាវដល់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត កលវិទ្យាធិការ សាកលវិទ្យាធិការរង សាស្រ្តាចារ្យ និងគ្រូបង្គោល មេត្តារៀនចំក្រុមដើម្បីចុះផ្សព្វផ្សាយសារទាំងនេះជូននិស្សិតជាង៣ម៉ឺននាក់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងអស់។

លោកជំទាវអគ្គលេខាធិការ បានបន្ថែមទៀតថា ជំងឺមិនឆ្លងធំៗមាន ជំងឺមហារីក, ជំងឺទឹកនោមផ្អែម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូងសរសៃឈាម ជាង៨០%យើងអាចការពារបាន ដូចពាក្យចាស់ពោលថា “ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី”៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner