អភិបាលខេត្តផ្តាំផ្ញើប្រធានមន្ទីរសុខាភិបាលទើបឡើងថ្មីឱ្យយកចិត្តទុកដាក់លើសាមគ្គីភាព

រតនគិរី៖ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានផ្ដាំ ផ្ញើប្រធានមន្ទីរសុខាភិបាលខេត្តថ្មីឱ្យចិត្តទុកដាក់លើការងារ មួយចំនួនដែលក្នុងនេះ កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងការ ពង្រឹងរបៀបរបប ការងារគឺជាចំណុចចម្បង។លោក ជា សានិត ត្រូវបានតែងតាំងជាប្រធានមន្ទីរសុខាភិបាលជំនួសលោក អ៊ុង រតនា ដែលត្រូវបានបញ្ចប់មុខតំណែង និងទទួលភារកិច្ចថ្មី។

ក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការនាសាលាខេត្តកាលពីរសៀលថ្ងៃសុក្រក្រោមវត្តមានឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល ,ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ញ៉ែម សំអឿន បានរំលឹកដល់លោកប្រធានមន្ទីរសុខាភិបាល ថ្មីលើ ការងារសំខាន់ៗមួយចំនួន ។ក្នុងនេះចំណុចអាទិភាពគឺ កិច្ច សហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងពង្រឹងរបៀប របបធ្វើការងារទំនាក់ទំនងការងារឱ្យបានល្អនៅក្នុងអង្គភាពរបស់ខ្លួនដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាព និង ធានានិរន្តភាពការងាររបស់ខ្លួនឱ្យកាន់តែមានភាពល្អ ប្រសើរ ។
ឯកឧត្តមថា បន្តត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន។

ចំណែកឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាលបានរំលឹកថា “ទុក្ខលំបាករបស់អ្នកជំងឺក៏ជា ទុក្ខ លំបាករបស់គ្រូពេទ្យ” ។ ជាមួយគ្នានេះត្រូវបង្កើន ស្មារតី ទទួល ខុសត្រូវខ្ពស់ ក្នុងការការពារថែ រក្សាឱ្យបានគង់វង្សនូវ សមិទ្ធផល នានាដែលបានកសាងមក និងបន្តអភិវឌ្ឍមូលដ្ឋាន សេវា សុខាភិបាលឱ្យកាន់ តែល្អប្រសើរ ។

លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលថ្មីបានបញ្ជាក់ពីការ ប្ដេជ្ញាចិត្តបំពេញការងារឱ្យបានល្អ៕
ដោយ៖ គតិយុត្ត

ads banner