កូរ៉េខាងជើងបាញ់មីស៊ីលបាលិស្ទីគ ចំពេលប្រមុខការទូតអាមេរិកទៅកូរ៉េខាងត្បូង
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងនិយាយថា ក្នុងថ្ងៃចន្ទនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រឿង ស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង។
នាយសេនាធិការចម្រុះយោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមិនទាន់ស្គាល់ម៉ាកមួយគ្រាប់ ចូលសមុទ្រខាងកើត។ រីឯជប៉ុនក៏បានទទួលស្គាល់ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងផងដែរ។
ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងចុងក្រោយនេះ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ Freedom Shield មានរយៈពេល១១ថ្ងៃ និងមានកងទ័ពចូលរួមកើនឡើងទ្វេដង។
កូរ៉េខាងជើង ក្នុងខែមីនានេះដែរ បានព្រមានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកថា នឹងត្រូវតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារួមគ្នា ហើយក្រោយការព្រមាននេះ កូរ៉េខាងជើងក៏បានប្រកាសដែរថា លោក គីម ជុងអ៊ុន បានដឹកនាំអង្គភាពកាំភ្លើងធំមួយធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដែលមានសមត្ថភាពវាយប្រហារលើកូរ៉េខាងត្បូង។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន កំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រជាធិបតេយ្យលើកទី៣ ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះផ្ដួចផ្ដើមឡើងដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា