លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ ផ្តើមទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ តាមកម្មវិធីដែលបានគ្រោងទុក លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ។

តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្តែងការគួរសមជាមួយនឹងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម ជាម យៀប ប្រធានស្តីទីរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរ គឺក្នុងគោលបំណងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និតរវាងគណបក្សទាំងពីរ៕

ads banner