អឺរ៉ុប-អេហ្ស៊ីបចុះកិច្ចព្រមព្រៀង ជាង៨ពាន់លានដុល្លារ

បរទេស៖ សហភាពអឺរ៉ុប ហៅកាត់ EU និងអេហ្ស៊ីបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានទំហំទឹកប្រាក់ ៧,៤ពាន់លានអឺរ៉ូ ឬ ជាង៨ពាន់លានដុល្លារ ដែលផ្ដោតលើថាមពល និងការធ្វើចំណាកស្រុក។

ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ នៅឯរដ្ឋធានីគែរ របស់ប្រទេសអេហ្ស៊ីប។ នេះគឺជាការទម្លាក់កញ្ចប់ហិរញ្ញវត្ថុ គាំទ្រដល់ប្រទេសស្ថិតក្នុងតំបន់អាហ្វ្រិកខាងជើងមួយនេះ ដែលរងគ្រោះខ្លាំង ពីវិបត្តិបំណុល។ ការណ៍នេះហើយ ដែលបានធ្វើឲ្យអេហ្ស៊ីប ជំរុញការលក់ថាមពល ទៅកាន់អឺរ៉ុប។

ទីភ្នាក់ងារទេសន្តរប្រវេសន៍អន្តរជាតិរបស់អង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសអេហ្ស៊ីប បានក្លាយជាទីកន្លែងស្នាក់នៅ របស់ជនចំណាកស្រុក និងជនភៀសខ្លួន ប្រមាណ ៩លាននាក់ ក្នុងនោះ ភាគច្រើនមកពីប្រទេសស៊ូដង់ និង ស៊ីរី មានច្រើនជាងគេ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា
តាមរយៈ MOU ការចុះព្រមព្រៀងនេះ បង្ហាញពីការលើកកម្ពស់ទំនាក់ទំនងរវាង EU និងអេហ្ស៊ីបទៅជាភាពជាដៃគូយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ។

កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងប្រាក់កម្ចី ៥ពាន់លានអឺរ៉ូ ក្នុងរយៈពេល ៤ឆ្នាំ, ១.៨ ពាន់លានអឺរ៉ូ ក្នុងការវិនិយោគ និងរាប់រយលានសម្រាប់គម្រោងទ្វេភាគី រួមទាំង ការធ្វើចំណាកស្រុក និងបញ្ហាសន្តិសុខ សំដៅលើប្រយុទ្ធប្រឆាំងនឹងភេរវកម្ម តាមព្រំដែនផងដែរ។

អេហ្ស៊ីប ដែលជាប់គាំងក្នុងវិបត្តិសេដ្ឋកិច្ចដ៏ឈឺចាប់ មានព្រំដែនជាប់ប្រទេសមានសង្គ្រាម ដូចជា លីប៊ី និងស៊ូដង់ ជាដើម ព្រមទាំង នៅជាប់នឹងតំបន់ហ្គាហ្សា ដែលកំពុងហែកហួរ ដោយសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner