សម្តេចប្រមុខរដ្ឋស្តីទី ចាត់ទុកទស្សនកិច្ចរបស់លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា ជាការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ កម្ពុជា-ថៃ

(ភ្នំពេញ)៖ សម្តេចប្រមុខរដ្ឋស្តីទីបានចាត់ទុកទស្សនកិច្ចរបស់លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា នៅកម្ពុជានាឱកាសនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនងថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសទាំងពីរ កាន់តែរឹងមាំស៊ីជម្រៅជាងទៀត នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

នេះជាប្រសាសន៍លើកឡើងរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលជួបលោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា អនុប្រធាន គណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាប្រធានគណបក្សភឿថៃ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំ ទាវ បាន ជម្រាប ជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបអំពីការងារមួយចំនួន ដែលប្រទេសទាំងពីរនឹងជំរុញអនុ វត្តនូវទំ នាក់ ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេស វិស័យទេសចរណ៍ ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ របស់ ប្រទេស ទាំង អស់ក្នុងតំបន់ រួមមាន ប្រទេសកម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ក្នុងនោះ ប្រទេស ទាំងពីរថៃ-កម្ពុជា នឹងប្រើ ប្រាស់យុទ្ធសាស្ត្រផ្ទៃមេឃស្រលះ ដើម្បីជំរុញកាអភិវឌ្ឍលើកកម្ពស់ផលប្រយោជន៍ របស់ប្រជា ជន តាម រយៈវិស័យ ទេសចរណ៍នេះ។

ភាគីទាំងពីរបានលើកឡើងថា ប្រទេសទាំងពីរប្រកាន់របបនយោបាយរាជានិយម មានព្រះមហាក្សត្រគ្រងព្រះបរមសិរីរាជ្យសម្បត្តិ មានប្រពៃណី វប្បធម៌ គោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា មានព្រំដែនជាប់គ្នា និងប្រើប្រាស់ប្រភពទឹកទន្លេមេគង្គដូចគ្នា។ ភាពដូចគ្នាទាំងនេះ ធ្វើឱ្យប្រជាជនទាំងពីរ មានមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាដ៏ជ្រាលជ្រៅ។

សម្តេចវិបុលសេ នាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ និងត្រូវបានដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”។

សម្តេចប្រមុខរដ្ឋស្តីទីបានរំលឹកអំពី ជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាដ៏ត្រចះត្រចង់ បានបង្កើតនូវកាលានុវត្តភាពជាច្រើនសម្រាប់អភិវឌ្ឍចំណងមេត្រីភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសទាំងពីរ ហើយសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលទាំងពីរបន្តខិតខំអនុវត្តឱ្យបានពេញលេញនូវរាល់យន្តការកិច្ចសហប្រតិបត្តិការទាំងអស់ ដែលបានធ្វើឡើងរវាងប្រទេសទាំងពីរ ដើម្បីស្ថិរភាព សន្តិភាព វិបុលភាពសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទីបានកត់សម្គាល់ដោយសេចក្តីពេញចិត្ត ចំពោះទំនាក់ទំនងសេដ្ឋកិច្ចរវាង ប្រទេសទាំងពីរ ជាពិសេសការរក្សាបាននូវកំណើនវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយបានបន្តដាក់គោលដៅជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំងពីរឱ្យសម្រេចក្នុងទំហំ១៥ ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។

រដ្ឋាភិបាលប្រទេសទាំងពីរបានជំរុញវិស័យទេសចរណ៍ “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ”។ គោលដៅជំរុញវិស័យទេសចរណ៍នេះ ស៊ីចង្វាក់គ្នាក្នុងពេលកម្ពុជា និងថៃ បានចាប់ផ្តើមដំណាក់កាលទី២ នៃប្រព័ន្ធទូទាត់ KH QR ឆ្លងដែន ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់រូបិយបណ្ណក្នុងស្រុក ដើម្បីសម្រួលពាណិជ្ជកម្ម និងផ្តល់ភាពងាយស្រួលដល់ទេសចរណ៍ឆ្លងកាត់ ព្រំដែន ហើយការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចនេះ កាន់តែមានទំហំធំឡើងជាលំដាប់ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner