គ្រូបង្រៀន និង សិស្សានុសិស្ស ការរួមគ្នាទប់ស្កាត់ ប្រើថង់បា្លស្ទិកនឹងជួយឱ្យបរិស្ថានស្អាត និងប្រទេសគ្មានការបំពុលដោយប្លាស្ទិក

(ខេត្តព្រៃវែង)៖ ដើម្បីចូលរួមក្នុងការកាត់បន្ថយប្លាស្ទិក និង ក៏ដូចជាចង់បង្ហាញផលប៉ះពាល់កើតចេញពីប្លាស្ទិកក្រុមគ្រូបង្រៀន និងសិស្សានុសិស្សប្រចាំនៅវិទ្យាល័យសម្តេចហ៊ុនសែនកំពង់លាវ ស្ថិតនៅ សង្កាត់ កំពង់លាវ ខេត្តព្រៃវែង បានរួមគ្នាប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យតិចបំផុត និងនៅថ្ងៃខាងមុខអាចនឹងទប់ស្កាត់ការប្រើប្រាស់ទាំងស្រុងនៅតាមសាលារៀនថែមទៀត។

ការប្តេជ្ញាចិត្ត ពីសំណាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនេះបន្ទាប់ពីមើលឃើញ ផលប៉ះពាល់កើតចេញពីប្លាស្ទិកដែលជះផលអាក្រក់ទាំងនាពេលបច្ចុប្បន្ននិងថ្ងៃអនាគត ។

លោក ហួន ប៊ុន នាយកវិទ្យាល័យសម្តេចតេជោហ៊ុនសែនកំពង់លាវ ស្ថិតនៅក្រុងព្រៃវែង បានឱ្យដឹងថា ៖ ក្នុងយុទ្ធនាការកាត់បន្ថយបា្លស្ទិកកន្លងមកឃើញថា ក្នុងស្រទាប់សិស្សានុសិស្សបានចូលរួម និងយល់ដឹងកាន់តែច្រើនឡើង ។ សិស្សមួយចំនួនបានតាំងចិត្តបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក និងអ្នកខ្លះបានចូលរួមកាត់បន្ថយយ៉ាងច្រើន ទាំងនៅសាលារៀន និងតាមផ្ទះសម្បែងរបស់ពួកគេ ។

លោក នាយកបានលើកឡើងថា”មុនពេលយុទ្ធនាការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក និងពេលនេះឃើញថាខុសគ្នាឆ្ងាយណាស់ ដោយកាលពីមុនតាមធុងសំរាមតែក្នុងរយៈពេល ២ថ្ងៃធុងសំរាមពេញៗដោយសំរាមទាំងអស់ តែបច្ចុប្បន្នទាល់តែរយៈពេល១០ថ្ងៃទើបធុងសំរាមរបស់យើងពេញ ។ តាមរយៈនេះដែរខ្ញុំនឹងអប់រំដល់សិស្សឱ្យកាត់បន្ថយការប្រើប្រាស់បា្លស្ទិកឱ្យខានតែបាន” ។

លោក ខ្លូក ហ៊ ជាគ្រូបង្រៀនប្រចាំវិទ្យាល័យសម្តេចហ៊ុនសែន កំពង់លាវ បានឱ្យដឹងថា ៖ លោកតែងអប់រំដល់សិស្សឱ្យយល់ដឹងអំពីផលប់ះពាល់កើតចេញពីការប្រើប្រាស់ប្លាស្ទិកដោយក្នុងនេះបានអប់រំពីការទុកដាក់ និងពិសេសនោះគឺចូលរួមកាត់បន្ថយបន្តិចម្តងៗរហូតរួមគ្នាបញ្ឈប់ការប្រើប្រាស់ទាំងស្រុងតែម្តង ។

មិនខុសគ្នានេះ អ្នកគ្រូ ឈឿន ដាលីន បានប្រាប់ឱ្យដឹងថា៖បា្លស្ទិកជាវត្ថុបង្កការប៉ះពាល់ដ៏អាក្រក់ដល់មនុស្សសត្វ។ហេតុនេះការអប់រំសឱ្យសិស្សយល់ពីផលប៉ះពាល់របស់វា ដោយក្នុងនេះមិនត្រូវបោះចោលពាសវាលកាល និងចាំបាច់ណាស់ត្រូវទុកដាក់សំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ ទើបវាមិនជះផលអាក្រក់ដល់យើងវិញនៅថ្ងៃក្រោយ ។ ការបោះចោលប្លាស្ទិកតាមផ្ទៃទឹក តាមតំបន់មួយចំនួនវានឹងជះផលអាក្រក់ដល់យើងវិញ។

ជាមួយគ្នានេះ អ្នកគ្រូ ទូច សម្ភស្ស បានបញ្ជាក់ប្រាប់ជុំវិញបញ្ហាប្លាស្ទិកនេះដែរថាបច្ចុប្បន្នការបង្រៀនអំពីបរិស្ថានគឺជាផ្នែកមួយយ៉ាងសំខាន់ពិសេសចំពោះមុខគឺការប្រើប្រាស់ប្លាស្ទិកដែលជាផ្នែកមួយក្នុងការបំពុលបរិស្ថាន ។ ប្លាស្ទិក មានប្រើប្រាស់រៀងរាល់ថ្ងៃ ហេតុនេះការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់ និងការចូលរួមទប់ស្កាត់ពីវាជារឿងមិនអាចមើលរំលងទេ។យើងត្រូវចូលរួមទាំងអស់គ្នា និងធ្វើឱ្យបាននៅថ្ងៃខាងមុខ ។

បង្ហាញពីការយល់ដឹងផលប៉ះពាល់កើតចេញពីប្លាស្ទិកនេះដែរ យុវជន អ៊ុន វិជ្ញាវីរៈសិស្សថ្នាក់ទី ១២ វិទ្យាល័យសម្តេចហ៊ុនសែនកំពង់លាវ បានឱ្យដឹងដែរថា៖កាត់ចូលរួមកាត់បន្ថយសំរាមប្លាស្ទិកគឺជារឿងដ៏សំខាន់ ពីព្រោះថាក្រៅពីជួយឱ្យបរិស្ថានស្អាតល្អ ហើយនៅជួយឱ្យប្រទេសស្អាតប្រកបដោយអនាម័យដែលជាទីទាក់ទាញភ្ញៀវទេសចរថែមទៀត។ យើងមិនត្រូវចោលសំរាមប្លាស្ទិកផ្តេផ្តាស និងមិនត្រូវដុតសំរាមប្លាស្ទិកឡើយដែលជាការបំពុលបរិស្ថានធ្ងន់ធ្ងរ ។

កញ្ញា ស៊ិន ឌីភា សិស្សថ្នាក់ទី១២ដូចគ្នាបានឱ្យដឹងថាប្លាស្តិកមិនត្រឹមបង្កការប៉ះពាល់ដល់សុខភាពមនុស្សសត្វទេ តែនៅបង្កឱ្យខូចដល់គុណភាពទឹក និងដីថែមទៀត ។ ដូចនេះយើងមិនត្រូវចោលសំរាមប្លាស្ទិកពាសវាលកាលដាច់ខាត។

កញ្ញា សន វ៉ាន់នៀ បានលើកឡើងជុំវិញបញ្ហាប្លាស្ទិកនេះដែរថាថង់ប្លាស្ទិកវាជារបស់ប្រើប្រាស់មួយប្រកបដោយគ្រោះថ្នាក់ពីព្រោះថាក្រៅពីបង្កការប៉ះពាល់ដល់បរិស្ថានជុំវិញខ្លួនយើងហើយ វានៅជាផ្នែកមួយបង្កឱ្យប៉ះពាល់ដល់ស្រទាប់អូហ្សូន ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យបរិស្ថានពិភពលោកអាក្រក់។តាមរយៈនេះសិស្សនុសិស្ស និងពលរដ្ឋកម្ពុជាយើង ដល់ពេលត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ស្ទិកចាប់ពីពេលនេះបានហើយ។

លោក តូច វ៉ារដ្ឋា ប្រធានមន្ទីរបរិស្ថាន ខេត្ត ព្រៃវែង បានឱ្យដឹងថា៖គិតមកដល់ពេលនេះយុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅទូទាំងខេត្តព្រៃវែងបានទទួលជោគជ័យ១០០ភាគរយ ដោយសម្រេចបានលើសាលារៀនទូទាំងខេត្តទាំង ៦៧៥សាលា ដោយក្នុងនេះសាលាបឋមសិក្សា ៥៥០ អនុវិទ្យាល័យ ៩២និងវិទ្យាល័យចំនួន៣៣ ដោយក្នុងនោះសិស្សានុសិស្សសរុប ២២៥៨៩០នាក់ និងប្រជាពលរដ្ឋចូលរួមរួមសរុប២៣៧៨៩៧នាក់ ឬ ស្មើ ១៩ភាគរយនៃប្រជាជនសរុបទូទាំងខេត្ត ។

គួរបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» កំពុងទទួលបានអ្នកចូលរួមច្រើនឡើង ដែលបច្ចុប្បន្នមានមនុស្សចំនួន ជាង ៥លាននាក់ ក្នុងនោះសិស្សានុសិស្ស មានប្រមាណ ៣លាននាក់ នៅទូទាំងប្រទេស ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព៖ចំរ៉ុង

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner