សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានគណបក្ស ភឿថៃ នៅវិមាន ៧មករា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុ ជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកជំទាវ ផេថងថាន ស៊ីណា វ៉ា ត្រា (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ នៅវិមាន៧មករា រាជធានី ភ្នំពេញ នាសៀលថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៤ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ស្ដីពីលទ្ធផលជំនួបទ្វេភាគី រវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ បានអោយដឹងថា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃគណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដើម្បីផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរ ផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងគណបក្សទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរទស្សនទាន និងបទពិសោធន៍ នៅក្នុងការកសាងបក្ស និងអភិបាលកិច្ចស្ថាប័នរដ្ឋ ។

ទស្សនកិច្ចនេះ ក៏ជាការចូលរួមចំណែក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសជាប់ភូមិផងរបងគ្នា និង “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលបានប្រកាសនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ បានជួបពិភាក្សាទ្វេភាគីជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានជួបសម្តែងការគួរសមជាមួយ នឹងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា។

លោកជំទាវក៏បានសំណេះសំណាលផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំវ័យក្មេង ជាច្រើនរូប របស់គណបក្សប្រជាជនកម្ពុជា ដែលជាសមាជិករាជរដ្ឋាភិបាល និងសមាជិកសភា ក្នុងនោះរួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

នៅក្នុងការពិភាក្សាទ្វេភាគី សម្តេចតេជោបានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចបន្ទាប់ពីរបបកម្ពុជា ប្រជាធិបតេយ្យ ការស្វែងរកសន្តិភាព ការប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ ការប្រែក្លាយតំបន់ ព្រំដែនទៅជា ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ភាគីទាំងពីរបានលើកឡើងពីការជំរុញ កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈការតភ្ជាប់លើហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ។

គណៈប្រតិភូ នឹងទៅទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងវិមានឈ្នះ-ឈ្នះ ដើម្បីស្វែងយល់ ឱ្យកាន់តែស៊ីជម្រៅ លើប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា ជាពិសេសលើនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា ដូចដែលយើងបានឃើញសព្វថ្ងៃនេះ ។

នៅសៀលថ្ងៃដដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីជប់លៀងជាកិត្តិយស ជូន លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ នៅវិមាន៧មករា រាជធានីភ្នំពេញផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner