សាមណសិស្ស និងនិស្សិតចំនួន ៤០៥អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ទទួលបានការផ្សព្វផ្សាយពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ និស្សិតដែលចូលរួមកម្មវិធី នាពេលនេះ មានការយល់ដឹងខ្ពស់ពីការថែទាំសុខភាព និងការចូលរួមចំណែកក្នុងការពង្រឹងភាពធន់នឹងអាកាសធាតុ ជាពិសេសក្មួយៗបានប្តេជ្ញាចិត្តក្នុងការបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាជន ដែលកិច្ចការងារនេះ គឺជាការផ្តោតរបស់កាកបាទក្រហមកម្ពុជា រហូតដល់សម្រេចដាក់ចេញនូវប្រធានបទសម្រាប់ទិវា ៨ ឧសភា ឆ្នាំនេះ គឺ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

នេះគឺជាការលើកឡើងរបស់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានចុះផ្សព្វផ្សាយស្តីពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដើម្បីឈានឆ្ពោះខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដល់សាមណសិស្ស និងនិស្សិតចំនួន ៤០៥អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។

ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ពីគោលបំណងសំខាន់ចំនួន៤ នៃការប្រារព្ធទិវា ៨ឧសភា គឺ (១) រំលឹកដល់ការបង្កើតចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ហៅកាត់ថា ចលនាអន្តរជាតិ) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៣។ ចំណែកឯ កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងត្រូវបានបញ្ចូលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិ ឆ្នាំ១៩៦០ គឺត្រូវចូលរួមប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។ (២)ផ្សព្វផ្សាយពីអ្វីដែល កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើ (៣)បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា (៤)បន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីកៀរគររកមូលនិធិ។

សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានមានព្រះរាជបន្ទូលថា «ជាការពិតណាស់ បញ្ហាសុខភាពសាធារណៈ និងបញ្ហាអាកាសធាតុ គឺជាក្តីបារម្ភសាកល និងជាភារកិច្ចដែលយើងទាំងអស់គ្នាត្រូវចូលរួមដោះស្រាយ ព្រោះថា យើងទាំងអស់គ្នាជាមនុស្សដែលរស់នៅលើផែនដីរួមគ្នា។ ផែនដី គឺជាផ្ទះ គឺជាជម្រកដែលផ្តល់ឱ្យយើងទាំងអស់គ្នារស់រានមានជីវិត បង្កើតគ្រួសារ សហគមន៍ និងសង្គមមួយបាន។ ដោយសារតែការប្រែប្រួលអាកាសធាតុ ការវិវត្តនៃសង្គមនីមួយៗ ការផ្លាស់ប្តូរនូវបែបផែនរស់នៅ ជាពិសេសការទទួលទានអាហារ និងរបៀបរបបនៃការថែទាំសុខភាព បានជះឥទ្ធិពលយ៉ាងច្រើនចំពោះការរស់នៅរបស់មនុស្ស ក្នុងនោះ យើងក៏បានឆ្លងកាត់នូវបទពិសោធន៍ទទួលរងនូវវិបត្តិជាច្រើនដូចជា៖ ការផ្ទុះជាសាកលនៃជំងឺឆ្លងកូវីដ-១៩ ទឹកជំនន់រហ័ស ខ្យល់កន្ត្រាក់ គ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យជាដើមដែលធ្វើឱ្យប៉ះពាល់យ៉ាងធំធេងដល់ជីវិតមនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធ ដំណាំកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។»

លោកជំទាវ អគ្គលេខាធិការរងទី១ បានថ្វាយនូវលិខិតសរសើរ និងថ្លែងអំណរព្រះរាជគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយសម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត និងប្រគេន-ជូនកាដូអនុស្សាវរីយ៍ដល់សាមណសិស្ស និស្សិត ១០អង្គ/នាក់ បានឡើងឆ្លើយសំណួរក្នុងកម្មវិធីផ្សព្វផ្សាយខាងលើនេះផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner