រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងអំណរគុណប្រជាជនចំពោះការរួមចំណែករក្សានូវវប្បធម៌ស្អាត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណជាសាធារណៈជូនចំពោះប្រជាជនកម្ពុជាគ្រប់រូប និងសិស្សានុសិស្សទាំងអស់ ដែលបានរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជំហានទី១ ដោយមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៥លាននាក់ ហើយនឹងបន្តទៅជំហានទី២ គឺការសម្អាតបរិវេណជុំវិញលំនៅដ្ឋាន វត្តអារាម និងសាលារៀន បន្ទាប់ពីទទួលបានការចូលរួមជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបជាង ១៧លាននាក់ ។

ការថ្លែងអំណរគុណចំពោះចលនាស្អាតពីប្រជាពលរដ្ឋរបស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើងនៅចំពោះមុខសាធារណជនជិត២ពាន់នាក់ នៅក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានាក្នុងវត្តជ្រៃបិទមាស នៅក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នាថ្ងៃអង្គារទី១៩ ខែមីនា ឆ្នាំ២០២៤ ។

គួរបញ្ជាក់ថា វត្តជ្រៃបិទមាសមានផ្ទៃដីប្រមាណ ៣ ហិកតា និង២០ អា។ វត្តនេះត្រូវបានកសាងឡើងដោយ ឧបាសិកា ណៅ នៅឆ្នាំ១៥៥០ រហូតដល់ពេលបច្ចុប្បន្នមានរយៈពេលប្រមាណ ៤៧៤ឆ្នាំ និងបានឆ្លងកាត់ការដឹកនាំដោយព្រះគ្រូចៅអធិការចំនួន ១០អង្គ។ ការកសាងវត្តនេះឡើង គឺដើម្បីទុកជាទីសក្ការៈ និងគោរពបូជារបស់ពុទ្ធបរិស័ទមានការជឿជាក់លើព្រះពុទ្ធសាសនា ងាយស្រួលក្នុងការធ្វើបុណ្យទានផ្សេងៗ ម្យ៉ាងទៀតដើម្បីទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយគោរពបូជាផងដែរ។ មុនឆ្នាំ១៩៧៥ វត្តទាំងមូលមានព្រះវិហារ សាលាបាលី សាលារៀនចំនួន ៤ខ្នង កុដិ២ សាលាឆាន់ ១ខ្នង គ្រប់គ្រងដោយ ព្រះគ្រូចៅអធិការព្រះនាម ម៉ា ខៀវ និងឧបត្ថម្ភដោយ លោក សេង យូហត់ តំណាងរាស្រ្តមណ្ឌលកណ្តោលជ្រុំ ដែលបានជួយជ្រោមជ្រែងកសាងវត្តអារាមនេះ។ ចាប់តាំងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នៅពេលដែលភ្លើងសង្គ្រាមឈានចូលមកដល់ វត្តអារាមនេះត្រូវបានពួករបបកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) វាយបំផ្លិចបំផ្លាញចោលស្ទើរទាំងស្រុង ព្រះវិហារត្រូវបានពួកវាយកធ្វើជាឃ្លាំងសម្រាប់ដាក់ជី និងសាលាឆាន់ត្រូវបានពួកវាយកធ្វើជាកន្លែងចិញ្ចឹមសត្វ មាន់ ទា ជ្រួក សេះ គោ ក្របី និងសត្វដទៃជាច្រើនទៀត ៕

ដោយ ៖ ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner