ឯកអគ្គរាជទូតអូស្ត្រាលីកោតសរសើរពីកិច្ចខិតខំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅកម្ពុជា

ឯកឧត្តម Justin Kevin Whyatt ឯកអគ្គរាជទូត នៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរពីកិច្ចខិតខំរបស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការដំណោះស្រាយបានយ៉ាងល្អចំពោះករណីការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ហើយប្រទេសអូស្ត្រាលី បានត្រៀមខ្លួនរួចរាល់ ក្នុងការចែករំលែកបទពិសោធន៍និងចំណេះដឹងលើប្រធានបទអ្នកស្រឡាញ់ភេទដូចគ្នា។ ការកោតសរសើរនេះ នៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកាលរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Justin Kevin Whyatt ឯកអគ្គរាជទូត នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ កិច្ចជំនួបនេះបានផ្តោតលើវឌ្ឍនភាពការងារបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គស.ម.ក.) និងកិច្ចសហការរវាង គ.ស.ម.ក. និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាពេលអនាគត។

ក្នុងជំនួបនេះដែរ ឯកឧត្តម កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះឯកឧត្តម Justin Kevin Whyatt និងគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការសម្របសម្រួលដំណើរការនៃ ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដូចជា ការទទួលពាក្យបណ្ដឹង ដោយផ្ទាល់នៅ គ.ស.ម.ក. តាមរយៈ App CHRC និងប្រអប់ពាក្យបណ្តឹងនៅតាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែ ការចុះស៊ើបអង្កេតនិងដោះស្រាយពាក្យបណ្តឹង ការចុះផ្សព្វផ្សាយអប់រំអំពីសិទ្ធិមនុស្ស ការចុះពិនិត្យស្ថានភាព សិទ្ធិមនុស្សជាប្រចាំនៅកន្លែងឃុំឃាំង ដូចជាពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងមណ្ឌលស្តារនីតិសម្បទា និងការរៀបចំសរសេររបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ ឯកឧត្តម Justin Kevin Whaytt បានថ្លែងអំណរគុណចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងបានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេស ការដំណោះស្រាយបានយ៉ាងល្អចំពោះករណីការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ហើយប្រទេសអូស្ត្រាលី បានត្រៀមខ្លួនរួចរាល់ ក្នុងការចែករំលែកបទពិសោធន៍និងចំណេះដឹង លើប្រធានបទអ្នកស្រឡាញ់ភេទដូចគ្នា។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិ សិទ្ធិមនុស្ស និងបានផ្លាស់ប្តូរទស្សនៈលើលំហប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានយកឱកាសនេះគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ បាននិងកំពុងអនុវត្តយ៉ាងមមាញឹកនូវអាទិភាពទាំង៦ រួមមាន ការពង្រីកសេវាថែទាំសុខភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម ការដាក់ចេញនិងការជំរុញអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ការដាក់ចេញយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន ការផ្តល់ប្រាក់កម្ចី ដើម្បីប្រកបរបរកសិកម្ម និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ សង្កាត់ និង ការអនុវត្តវិធានការគន្លឹះទាំង៥ រួមមាន កំណែទម្រង់វិស័យរដ្ឋបាលសាធារណៈ វិស័យអប់រំ វិស័យសុខាភិបាល គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងប្រព័ន្ធយុត្តិធម៌ ដែលជាចំណុចអាទិភាព និងជាផលប្រយោជន៍រួមរបស់ប្រជាជន។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញ ប្រទេសកម្ពុជាអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយសព្វថ្ងៃគណបក្សនយោបាយចំនួន២ មានអាសនៈនៅក្នុងរដ្ឋសភា។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញពីឆន្ទៈសុទិដ្ឋិនិយមថា នៅថ្ងៃអនាគតនឹងមានគណបក្ស បង្កើតថ្មីបន្ថែមទៀត ដែលគោរពតាមច្បាប់ស្តីពីគណបក្សនយោបាយនិងច្បាប់បោះឆ្នោត ដើម្បីចូលរួមក្នុងការប្រកួតប្រជែង៕
ដោយ៖ពលជ័យ
រូបភាព៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ads banner