ជប៉ុនផ្តល់ជំនួយជាង ៣ម៉ឺន ៨ពាន់ ដើម្បីជួយកម្មវិធីបណ្តុះបណ្តាលវិស័យវប្បធម៌ (Video Inside)
ភាពខ្វះខាតលើឧបករណ៍តន្ត្រីបុរាណ ដើម្បីជួយបណ្តុះបណ្តាលយុវវ័យជំនាន់ថ្មី បានជំរុញឱ្យរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយបំពេញសេចក្តីត្រូវការ លើភាពខ្វះខាតទាំងនេះ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីជួយបណ្តុះបណ្តាលជំនាញយុវជនក្រីក្រចំនួន ១លាន ៥សែននាក់ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះក៏រួមមានការជួយបណ្តុះបណ្តាល ដល់ជំនាញនានា ពាក់ព័ន្ធនឹងវិស័យវប្បធម៌ជាតិផងដែរ។
សេចក្តីរាយការណ៍បង្ហាញថា រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងចំនួន ៣ម៉ឺន ៨ពាន់ ៧៥០ដុល្លារអាមេរិក សម្រាប់គម្រោងទ្រង់ទ្រាយតូច ដល់សាលាមធ្យមវិចិត្រសិល្បៈ។
ជំនួយជំរុញការបណ្តុះបណ្តាលលើវិស័យវប្បធម៌នេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២០ មីនា ឆ្នាំ២០២៤ រវាងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី និងនាយកនៃសាលាមធ្យមវិចិត្រសិល្បៈលោក កំសាន្ត ហេង នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ឯកអគ្គរាជទូតជប៉ុនបានថ្លែងថា ជំនួយ ៣ម៉ឺន ៨ពាន់ ៧៥០ដុល្លារអាមេរិក ដល់សាលាមធ្យមវិចិត្រសិល្បៈ គឺក្នុងគោលបំណងតម្លើងឧបករណ៍តន្ត្រីបុរាណខ្មែរចំនួន ១៥ប្រភេទសរុប ២៤គ្រឿង។
ឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា «ដោយសារកង្វះខាតឧបករណ៍តន្ត្រីបុរាណ, សាលាមធ្យមវិចិត្រសិល្បៈ បាននឹងកំពុងប្រឈមមុខនឹងបញ្ហា ក្នុងការបណ្តុះបណ្តាលយុវវ័យជំនាន់ថ្មី ដែលអាចលេងឧបករណ៍តន្ត្រីបុរាណទាំងនេះបាន»។
លោកឯកអគ្គរាជទូតជប៉ុនសង្ឃឹមថា គម្រោងនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាធ្វើឱ្យចំណងមិត្តភាព និងការយល់អំពីគ្នាមានភាពកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជប៉ុន និងកម្ពុជា។