ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៤ នឹងធ្វើនៅថ្ងៃទី២៦ឧសភា នៅកំពង់ស្ពឺ (Video Inside)

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គ្រោងនឹងប្រារព្ធធ្វើនៅក្នុងខេត្តកំពង់ស្ពឺ ក្នុងសប្តាហ៍ទីបួន ខែឧសភា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សតខ្មែរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម ខែឧសភា គឺជាខែដែលកម្ពុជាចាប់ផ្តើមចូលរដូវវស្សា។

យោងតាមគណៈកម្មការទទួលបន្ទុកការរៀបចំ, ព្រះរាជពិធីច្រត់ព្រះនង្គ័លនឹងត្រូវធ្វើនៅចំថ្ងៃទី២៦ឧសភា។ ព្រះរាជពិធីច្រត់ព្រះនង្គ័លនាឆ្នាំ២០២៤នេះ ស្តេចមាឃ គឺអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចំណែកមេហួ គឺលោកជំទាវ ឈុន ស៊ីន។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជប្បវេណីដ៏យូរលង់របស់ខ្មែរ ដែលតែងតែធ្វើជារៀងរាល់ឆ្នាំ នៅដើមរដូវវស្សា ដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេសផង និងដើម្បីផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។

ប្រពៃណីនៅក្នុងពិធីច្រត់ព្រះនង្គ័លនេះ គឺដើម្បីចង់ទស្សទាយពីប្រផ្នូលភោគផលកសិកម្ម តាមរយៈសត្វគោឧសភរាជមួយគូ តាមរយៈការទទួលទានចំណីអាហារ ក្រោយព្រះរាជពិធីបានបញ្ចប់។

គេបានរៀបចំចំណីអាហារ៧មុខដាក់លើថាស រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្រា ស្មៅ និងទឹក សម្រាប់គោឧសភរាជបរិភោគ ក្រោយការភ្ជួរជានិមិត្តរូបចំនួន ៣ជុំ លើវាលព្រះមេរុ។ បើសិនជាគោឧបសុភរាជ បរិភោគ ចំណីដូចជាស្រូវ ពោត ឬសណ្តែក ការព្យាករណ៍ នឹងនិយាយថា ប្រទេសកម្ពុជា នៅក្នុងឆ្នាំនោះ នឹងសម្បូរនូវភោគផល នូវគ្រាប់ធញ្ញជាតិទាំងនោះ ប៉ុន្តែបើសត្វគោឧសុភរាជបានទទួលទាន ស្មៅ នឹងត្រូវគេចាត់ទុកជានិម្មិតរូប នៃការកើតជម្ងឺ ដង្កាត់ ឬបើគោឧសភរាជទទួលទានសា្រវិញ វាគឺជានិម្មិតរូប នៃស្រុកទេសកើតចលាចល។

ads banner