ចិនផ្តល់ជំនួយឧបករណ៍ធ្វើតេស្តស្វែងរកសារធាតុញៀន (Video Inside)
សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ជំនួយជាឧបករណ៍តេស្តរកសារធាតុញៀនចំនួន ១ម៉ឺន ៣ពាន់តេស្ត ជូនដល់ក្រសួងមហាផ្ទៃ។ ពិធីប្រគល់ និងទទួល ឧបករណ៍តេស្តរកសារធាតុញៀននេះ បានធ្វើនៅថ្ងៃទី២០ មីនា ឆ្នាំ២០២៤ រវាងរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា និងអនុប្រធានបេសកកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លោក ឆាង ជាន CHANG JIAN។
ការបង្ក្រាបគ្រឿងញៀន គឺជាអាទិភាពចំបងមួយ ក្នុងគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដើម្បីកត្តាសុវត្ថិភាពភូមិឃុំ របស់កម្ពុជា។
មន្ត្រីស្ថានទូតចិន លោក ឆាង ជាន CHANG JIAN បានថ្លែងគាំទ្រយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងលោកបានកោតសរសើរចំពោះកិច្ចប្រឹងប្រែង របស់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងកិច្ចការបង្ក្រាបគ្រឿងញៀន។
សម្តេចធិបតីកាលពីថ្ងៃទី២០កុម្ភៈ បានដាក់ចេញបទបញ្ជាដាច់ខាត ប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។