មេធំ Apple ហោះទៅចិន ចំពេលការលក់ iPhone ធ្លាក់ចុះខ្លាំង
វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ក្នុងថ្ងៃពុធ បានធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន មុនពេលចូលរួមពិធីបើកសម្ពាធហាងលក់រាយថ្មីរបស់ Apple នៅទីក្រុងសៀងហៃ ចំពេលមានសេចក្តីរាយការណ៍ពីការធ្លាក់ចុះការលក់ទូរស័ព្ទ iPhone នៅក្នុងទីផ្សារប្រទេសចិន។
Read. លោក Cook បានបង្ហោះសារនៅលើបណ្តាញសង្គមចិន Weibo កាលពីដើមខែមីនាថា អស់រយៈពេល ៣ទសវត្សរ៍មកនេះ Apple កំពុងបង្កើតថ្មី និងផ្តល់នូវផលិតផល និងសេវាកម្មល្អបំផុតសម្រាប់អតិថិជននៅក្នុងប្រទេសចិន ហើយយើងមិនអាចរង់ចាំបានទៀតទេ ក្នុងការបើកហាងថ្មីបំផុតរបស់យើងនៅទីក្រុងសៀងហៃ។ ដោយឡែកនៅថ្ងៃពុធសប្តាហ៍នេះ លោក Cook ក៏បានបង្ហោះវីដេអូពីដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ក្រុមហ៊ុនចិនមួយចំនួន រួមទាំងក្រុមហ៊ុនហ្គេមផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចិនបានរាយការណ៍ថា លោក Cook ក៏បានជួបជាមួយប្រធានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក BYD គឺលោក Wang Chuanfu ផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ក្នុងថ្ងៃព្រហស្បតិ៍នេះ នឹងបើកហាងទី៨ របស់ខ្លួននៅទីក្រុងសៀងហៃ ដែលជាទីក្រុងមានប្រជាជនច្រើនបំផុត និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិន។
ហើយដំណើរទស្សនកិច្ចរបស់លោក Cook កើតឡើងនៅពេលមានការព្រួយបារម្ភកើនឡើង ជុំវិញចំណែកទីផ្សាររបស់ Apple ក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ។ យោងតាមរបាយការណ៍ស្រាវជ្រាវ Counterpoint ថ្មីៗនេះ បានឱ្យដឹងថា ការលក់ទូរស័ព្ទ iPhone នៅក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះខ្លាំង បើធៀបនឹងឆ្នាំមុន ក្នុងរយៈពេល ៦សប្តាហ៍ដំបូងនៃឆ្នាំ២០២៤៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា