ក្រុមហ៊ុនអ៊ីនធើណិតយក្សចិនធ្លាក់ចុះប្រាក់ចំណេញប្រចាំឆ្នាំទាបបំផុត
ប៉េកាំង: ក្រុមហ៊ុន Tencent របស់ចិន នៅថ្ងៃពុធ បានប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំទាបបំផុតចាប់តាំងពីឆ្នាំ២០១៩ បើទោះបីជាក្នុងពេលថ្មីៗនេះសេដ្ឋកិច្ចរបស់ប្រទេសចិនហាក់មានភាពរីកចម្រើនបន្តិច និងការបន្ធូរបន្ថយការរឹតបន្តឹងរបស់និយតករលើវិស័យបច្ចេកវិទ្យាក៏ដោយ។
Tencent ដែលជាក្រុមហ៊ុនហ្គេមឈានមុខគេមួយរបស់ពិភពលោក និងអ្នកបង្កើតកម្មវិធីផ្ញើសារ និងសេវាកម្ម WeChat របស់ប្រទេសចិន នៅថ្ងៃពុធ ក៏បានប្រកាសដែរថា ប្រាក់ចំណូលសរុបរបស់ខ្លួនមានចំនួន ៦០៩ពាន់លានយន់ ឬប្រហែល ៨៤.៦ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣ កើនឡើង ១០ភាគរយ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងស៊ិនជិនមួយនេះ ក៏បានប្រកាសពីផែនការបង្កើនទំហំនៃគម្រោងទិញភាគហ៊ុនរបស់ខ្លួនឡើងវិញផងដែរ ដែលលើសពីទ្វេដងនៅឆ្នាំ២០២៤ ធៀបនឹងឆ្នាំមុន ក្នុងទឹកប្រាក់ទំហំជាង ១០០ពាន់លានដុល្លារហុងកុង ឬប្រហែល ១២.៨ពាន់លានដុល្លារ។
ដោយឡែកប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Tencent ក្នុងឆ្នាំ២០២៣ មានចំនួន ១១៥.២ពាន់លានយន់ ឬប្រហែល ១៦ពាន់លានដុល្លារ នេះបើយោងតាមឯកសារនៃលទ្ធផលប្រចាំឆ្នាំនៅផ្សារហ៊ុនហុងកុង។
គួរបញ្ជាក់ថា Tencent ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ គឺជាតួអង្គសំខាន់នៅក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសចិន ក្នុងនាមជាមេនៃ “super-app” WeChat។ កម្មវិធី WeChat ត្រូវបានគេប្រើប្រាស់នៅលើទូរស័ព្ទចល័តភាគច្រើននៅក្នុងប្រទេសចិន ដែលវាត្រូវបានប្រើសម្រាប់គោលបំណងជាច្រើន រួមទាំងការផ្ញើសារ ការហៅទូរស័ព្ទ ការបង់ប្រាក់ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា