ប្រមុខការទូតចិន៖ ចិន និងអូស្រ្តាលីគួរតែធ្វើជាដៃគូ ប្រសើរជាងគូប្រជែង
កង់បេរ៉ា៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃពុធ និយាយថា ចិន និងអូស្ត្រាលីគួរតែជាដៃគូ ប្រសើរជាងគូប្រជែង ខណៈដែលប្រទេសទាំងពីររីករាយនឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងពហុវិស័យ ដើម្បីផលប្រយោជន៍រួមទ្វេភាគី។
អំឡុងជំនួបជាមួយពាណិជ្ជករអូស្ត្រាលី និងអ្នកយុទ្ធសាស្រ្តនៅទីក្រុងកង់បេរ៉ា ប្រមុខការទូតកំពូលចិន លោក វ៉ាង យី ថ្លែងថា ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីបានចាប់ផ្ដើមនៅលើផ្លូវនៃការកែលម្អ ហើយភាគីទាំងពីរគួរតែបោះជំហានឆ្ពោះទៅរកការកសាងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ដែលមានស្ថិរភាព ភាពចាស់ទុំ និងប្រកបដោយផ្លែផ្កា ដែលនឹងផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើង សម្រាប់ប្រជាជនប្រទេសទាំងពីរ និងប្រទេសក្នុងតំបន់។
ទន្ទឹមគ្នា លោក វ៉ាង ក៏សង្ឃឹមផងដែរថា មិត្តអូស្ត្រាលីអាចមកទស្សនកិច្ចប្រទេសចិន ដើម្បីស្វែងយល់កាន់តែច្បាស់អំពីប្រទេសចិន និងចែករំលែករឿងរ៉ាវពិតបន្ថែមទៀត សំដៅលើកកម្ពស់ការផ្លាស់ប្តូររវាងចិន-អូស្ត្រាលី ក្នុងនោះរួមមានការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ, ការពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងរួមចំណែកដល់ការអភិវឌ្ឍន៍ទំនាក់ទំនងចិន-អូស្ត្រាលី។
ចំណែកភាគីអូស្ត្រាលីបាននិយាយថា អូស្ត្រាលី និងចិន គឺជាដៃគូដ៏សំខាន់ ហើយប្រទេសទាំងពីរមានផលប្រយោជន៍រួម ច្រើនជាងភាពខុសគ្នា។ នាឱកាសនោះដែរ ភាគីទាំងពីរបានសម្តែងការស្វាគមន៍ចំពោះការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអូស្ត្រាលី-ចិន និងការគាំទ្រសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការអប់រំ សុខភាព ការស្រាវជ្រាវវិទ្យាសាស្ត្រ និងច្បាប់ជាដើម។
បន្ថែមលើនេះ ភាគីទាំងពីរក៏បាននិយាយដែរថា អូស្រ្តាលី-ចិនអាចស្វែងរកកាលានុវត្តភាពថ្មី នៃកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍន៍ថាមពលបៃតង និងការច្នៃប្រឌិតបច្ចេកវិទ្យា ហើយធ្វើការរួមគ្នាដើម្បីដោះស្រាយជាមួយនឹងការប្រែប្រួលអាកាសធាតុ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា