សមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការតេជោសែន និងគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ សមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការតេជោសែន និងគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូ សម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្រោម អធិបតីភាពដ៏ខ្បង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម យី វាសនា អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែនមានផ្ទៃដីទំហំ៥០០០ម៉ែត្រក្រឡា ស្ថិតនៅក្នុងភូមិត្រពាំង ស្វាយ សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលបានកសាងសមិទ្ធផលដូចជា៖ អាគារការិយាល័យធំមួយ ទទឹង២០ម៉ែត្រនិងបណ្តោយ២៥ម៉ែត្រ កម្ពស់ពីរជាន់មានចំនួន ១០បន្ទប់ ធំទូលាយ សាលប្រជុំធំដាក់ចំណុះបាន ១០០នាក់ ការិយាល័យសម្រាប់មន្ត្រីចំនួន៤០នាក់ និង កន្លែងទទួលភ្ញៀវ ។
អាគារស្នាក់នៅរបស់ជនពិការ និស្សិតអាហារូបករណ៍និងអត្តពលិកជនពិការ ចំនួន ២អាគារ មាន ២០បន្ទប់ អាចស្នាក់នៅបានចំនួន ៨០នាក់ ទីលានមជ្ឈមណ្ឌលហ្វឹកហាត់ កីឡា ប៉ារ៉ាឡាំពិក មានទំហ៊ុសរុប ២២២០ម៉ែត្រក្រឡា បាន និងកំពុង ធ្វើការហ្វឹក ហាត់ កីឡាប៉ារ៉ាឡាំពិក៦ប្រភេទកីឡាគឺ លើកទម្ងន់ជនពិការ បូស្យា បាល់ទះអង្គុយ បាល់បោះរទេះ វាយកូនឃ្លីលើតុជនពិការ និងអុកជនពិការ ការតុបតែងទីធ្លាទុក ជាប្រវត្តិសាស្ត្របានចារឹកថ្មធម្មជាតិជាច្រើនផ្ទាំង រួមមាន៖ សិលាចារឹកឈ្មោះមណ្ឌល ជាតិនៃជនពិការតេជោសែននិងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សិលាចារឹកសក្ខីភាពសម្ពោធសមិទ្ធផល សម្តេចធិបតី និងលោកជំទាវបណ្ឌិត សិលាចារឹកទុកជាប្រវត្តសាស្ត្រទីតាំងធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។
ឯកឧត្តម យី វាសនា បានបន្តថា សិលាចារឹកស្ថាបនិកដោយមគ្គុទ្ទេសសន្តិភាព សម្តេច អគ្គមហា សេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិលាចារឹកឡូហ្គោមណ្ឌលជាតិ នៃជនពិការតេជោសែននិងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទីតាំងទាំង មូលត្រូវ បានបំពាក់ឧបករណ៍គ្រប់ទីកន្លែង មានផាសុកវត្ថុ មានបរិយាបន្នសម្រាប់ជនពិការ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យបរិយាកាសរស់នៅសមរម្យរបស់ជនពិការ។
ឯកឧត្តមអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបន្ថែមថា រយៈពេល២៧ឆ្នាំកន្លងមក មជជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន បានដឹកនាំអនុវត្តកម្មវិធីធំៗ ចំនួន៤ រួមមាន៖ (១)ស្តារលទ្ធភាពតាមសហគមន៍ (២)ផ្តល់សេវា ពត៌មាន និងទំនាក់ទំនង រកការងារធ្វើ (៣) ផលិតនិងផ្សព្វផ្សាយពត៌មានស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ និង(៤)ឧបត្ថម្ភគាំទ្រវិស័យ កីឡាជនពិការ មានជនពិការមកចុះឈ្មោះដោយផ្ទាល់ជាសមាជិកទទួលផលចំនួន២០,១១២នាក់។ ជនពិការចំនួន ៣៧៤២នាក់ បញ្ជូន និងបានការងារធ្វើតាមរោងចក្រ អង្គការ និងស្ថាបនផ្សេងៗ ជនពិការចំនួន ៣៧១១នាក់ បានទទួលសេវារួមមាន៖ ទទួលបានឈើច្រត់ បញ្ជូនទៅមន្ទីរពេទ្យគ្រប់ទីតាំងក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ជូនទៅមណ្ឌលស្តារជើងដៃសិប្បនិម្មិត្ត សម្របសម្រួល និងបញ្ជូនកុមារពិការទៅសាលារៀន ជនពិការ មន្ទីរសង្គមកិច្ច មន្ទីពេទ្យរដ្ឋ ព្រលានយន្ត សាកលវិទ្យាល័យ តាមរាជធានីខេត្ត ទទួល រទេះរុញ ឈើច្រត់ ចំនួនប្រមាណ ១២០០០ គ្រឿង ។
ជនពិការបានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៦៥១នាក់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ជូនដោយ សម្តេចមហាបវរធិបតី និង លោកបជំទាវបណ្ឌិត ជាអាហារូបករណ៍ ១០០ភាគរយ រយៈពេល ៤ឆ្នាំ នេះជាការអភិវឌ្ឍន៍ធនធាន ជនពិការដែលអាចបម្រើការងារនៅគ្រប់ ទីកន្លែងនាពេលបច្ចុប្បន្ន និងទៅអនាគត៕
ដោយ ៖ វណ្ណលុក