សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា តែងតែរៀបចំពិធីស្រាយបួសជារៀងរាល់ឆ្នាំ ដែលបញ្ជាក់អំពីការផ្ដល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាជនមូស្លីម
(ភ្នំពេញ)៖ កម្ពុជា តែងតែរៀបចំពិធីស្រាយបួសជារៀងរាល់ឆ្នាំ ដែលបញ្ជាក់អំពីការផ្ដល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាជនមូស្លីម ។ នេះជាការបញ្ជាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្ដមបណ្ឌិត Agung Laksono អនុប្រធាន CAPDI អតីតប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ ។
ឯកឧត្ដមបណ្ឌិត បានបង្ហាញនូវក្ដីរីករាយយ៉ាងខ្លាំង ដែលសម្ដេចតេជោ បានអនុញ្ញាតឲ្យ ឯកឧត្តម និងប្រតិភូចូលជួបសំដែងការគួរសម ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត និងប្រតិភូអញ្ជើញចូលរួមកម្មវិធីស្រាយបួស ក្រោមអធិបតីភាពរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២១ មីនា។
ឯកឧត្ដមបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្ដម បណ្ឌិត Jusuf Kalla ប្រធាន CAPDI អតីតអនុប្រធានាធិបតី និងបានគោរពថ្លែងអំណរគុណ ជូនចំពោះ សម្ដេចតេជោ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាជនមូស្លីមនៅកម្ពុជា តាំងតែពីពេលដែលសម្ដេចតេជោ នៅជានាយករដ្ឋមន្ត្រី ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជា គឺតែងតែប្រារព្ធពិធីស្រាយបួស ជារៀងរាល់ឆ្នាំក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី រហូតដល់បច្ចុប្បន្ន ដែលនេះ គឺបានបង្ហាញឲ្យច្បាស់ថា កម្ពុជា គឺគ្មានការរើសអើងសាសនា ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជូន ឯកឧត្តមបណ្ឌិតថា កម្ពុជា តែងតែរៀបចំពិធីស្រាយបួស ជារៀងរាល់ឆ្នាំ ដែលបានបញ្ជាក់អំពីការផ្ដល់សិទ្ធិសេរីភាពពេញលេញ ដល់ប្រជាជនមូស្លីម ដោយគ្មានការរឹតត្បិតណាមួយឡើយ ហើយការរៀបចំនេះ តែងធ្វើឡើងក្រោមអធិបតីភាព របស់នាយករដ្ឋមន្ត្រីរហូតដល់បច្ចុប្បន្ន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ