បារាំងពិន័យ Google ២៧០លានដុល្លារ
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ Google បានរងការផាកពិន័យជាប្រាក់ចំនួន ២៧២លានដុល្លារអាមេរិក ពីអាជ្ញាធរជំនាញរបស់ប្រទេសបារាំង លើករណី២ធំៗ។
និយតករបារាំងបាននិយាយ កាលពីថ្ងៃពុធថា ពួកគេសម្រេចពិន័យ Google សម្រាប់ការរំលោភលើកិច្ចសន្យា ទាក់ទងនឹងការលើទូទាត់ប្រាក់ ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលផលិតមាតិការបស់ពួកគេឡើងវិញ តាមអ៊ីនធឺណិត ហើយក្រៅពីនេះ ក៏ពិន័យទាក់ទងនឹងការប្រើប្រាស់គ្រឿងបង្គុំផ្សេងៗ របស់ក្រុមហ៊ុនទាំងនេះ ដើម្បីជាប្រយោជន៍ដល់បញ្ញាសិប្បនិម្មិត AI chatbot របស់ Google ដោយមិនបានជូនដំណឹង។
កាលពីឆ្នាំ២០២២ ក្រុមហ៊ុន Google បានប្តេជ្ញាចិត្ត ចរចាដោយយុត្តិធម៌ ជាមួយបណ្តាស្ថាប័នព័ត៌មានបារាំង បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ត្រូវបានផាកពិន័យ ៥០០ លានអឺរ៉ូ ជុំវិញជម្លោះដ៏រ៉ាំរ៉ៃនេះ។ ស្ថាប័នតំណាងឱ្យទស្សនាវដ្តី និងកាសែតបារាំងល្បីៗ នៅបារាំង រួមទាំង ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានដាក់សំណុំរឿងនេះ ទៅនិយតករបារាំង កាលពីឆ្នាំ២០១៩។
តាមកិច្ចសន្យា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះត្រូវផ្តល់ឱ្យក្រុមហ៊ុនទាំងនេះ ប្រកបដោយតម្លាភាពនូវការទូទាត់ ក្នុងរយៈពេល ៣ខែ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរក្សាសិទ្ធិ។ ប៉ុន្តែ និយតករបាននិយាយ កាលពីថ្ងៃពុធថា ខ្លួននឹងផាកពិន័យថ្មី លើ Google សម្រាប់ ការខកខានមិនគោរពការប្តេជ្ញាចិត្ត និង មិនមានភាពស្មោះត្រង់។
និយតករបារាំងថែមទាំងបាននិយាយថា Google ថែមទាំងបានរំលោភកម្មសិទ្ធិបញ្ញាព័ត៌មាន ទៀតផងដោយចោទថា Google បានប្រើប្រាស់ខ្លឹមសារ ពីភ្នាក់ងារសារព័ត៌មានរបស់បារាំង ដើម្បីបណ្តុះបណ្តាលវេទិកាបញ្ញាសិប្បនិមិត្តរបស់ខ្លួន សំដៅលើវេទិកា Bard ដែលឥឡូវត្រូវបានគេស្គាល់ថា Gemini ដោយមិនជូនដំណឹងដល់ក្រុមហ៊ុនព័ត៌មានទាំងនោះ ឬ និយតករបារាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ Google បាននិយាយថា ការផាកពិន័យគឺមិនសមាមាត្រ ហើយមិនបានគិតគូរឱ្យបានគ្រប់គ្រាន់ ខណៈដែលក្រុមហ៊ុនខិតខំប្រឹងប្រែងឆ្លើយតប និងដោះស្រាយកង្វល់ទាំងនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត