សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត ផ្តល់អនុសាសន៍ ៤ចំណុច រួមចំណែក លើកកម្ពស់ជនមានពិការភាពនៅកម្ពុជា
(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ចំនួន ៤ចំណុច ដើម្បីចូលរួមចំណែក លើកកម្ពស់ និងយកចិត្តទុកដាក់បន្ថែមទៀត ដល់ជនមានពិការភាពនៅកម្ពុជា ។
ដើម្បីរួមចំណែកការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាបន្ននៅក្នុងសហគមន៍ នៅក្នុងដំណើរអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា សម្តេច បានផ្តល់នូវអនុសាសន៍ដូចខាងក្រោម៖
ទី១. សម្ដេចធីបតី សូមណែនាំដល់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួម និងរៀបចំបទដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ជាសម្បត្តិសម្រាប់ជនមានពិការភាពរបស់យើងប្រើប្រាស់ជាបន្ត និងតរៀងទៅ ទាំងនាពេលបច្ចុប្បន្ន និងអនាគត ។
ទី២. គ្រប់កិច្ចអភិវឌ្ឍទាំងអស់ រួមមានសកម្មភាពសង្គម សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ ត្រូវលើកទឹកចិត្ត និង លើកកម្ពស់ឱ្យមានការចូលរួមជាអតិបរមារបស់ជនមានពិការភាពនៅកម្រិត សហគមន៍ឱ្យបានទូលំទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព និងតួអង្គនៃការអភិវឌ្ឍ។
ទី៣. សម្ដេចសូមលើកទឹកចិត្តឱ្យបន្តបង្កើនកិច្ចសហការ ក្នុងការរៀបចំការបណ្តុះបណ្តាល ជំនាញពិសេស និង ប្រើប្រាស់បច្ចេកទេសសមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និង លទ្ធភាពទទួលបានការងារធ្វើជាមួយប្រាក់បៀវត្សខ្ពស់ សំដៅលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ជនមានពិការភាព និងក្រុមគ្រួសារឱ្យបានកាន់តែប្រសើរក៏ដូចជា ធ្វើឱ្យជនមានពិការភាពអាចចូលរួមកាន់តែច្រើន ពេញលេញ និងស្មើសិទ្ធិ ក្នុងទីផ្សារការងារនៅ ក្នុងវិស័យឯកជន និងសាធារណៈ ។
ទី៤. ដើម្បីប្រសិទ្ធភាពនៃការអនុវត្តការងារ, មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ចាំបាច់ត្រូវមានថវិកា ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យ កីឡាជនមានពិការភាព, ជាពិសេសត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ ឆ្នាំ២០២៩ ។ ជាមួយគ្នានេះ ខ្ញុំសូមឯកភាពចំពោះការស្នើរបស់មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ