ល្ងាចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាអ៊ិស្លាមកម្ពុជា លើកទី៨
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អញ្ជើញជាអធិបតី ពិធី “ពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនា អ៊ិស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ ” នារសៀលនេះ ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាង ៦០០០នាក់ ។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការ រៀបចំពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន
នៃសាសនា ឥស្លាមកម្ពុជា បានឱ្យដឹងថា វត្តមានដ៏មានតម្លៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់មហាកិត្តិយស និង កម្លាំងចិត្ត ក្នុងពិធីពិសាអាហារ ស្រាយបួស លើកទី៨ ឆ្នាំ២០២៤ ជាមួយបងប្អូនសាសនិកអ៊ិស្លាមកម្ពុជា និង ប្រិយមិត្តបរទេស ដែលរៀបចំដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។
ឯកឧត្តមបណ្ឌិត បានបន្តថា ឆ្នាំនេះ ជាឆ្នាំទី៨ហើយ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្រេចរៀបចំ ឱ្យមានកម្មវិធីពិសាអាហារស្រាយបួសថ្នាក់ជាតិ តាំងពីឆ្នាំ២០១៤ ដែលជាកម្មវិធីមួយ ពុំធ្លាប់មាននៅព្រះរាជាណាចក្រកម្ពុជា តែត្រូវបានខកខាន ៣ឆ្នាំ(២០២០ ២០២១ និង២០២២) ដោយសារវិបត្តិជម្ងឺកូវីដ-១៩ ។
ពិធីស្រាយបួសថ្នាក់ជាតិនៅកម្ពុជា ក៏ត្រូវបានចាត់ទុកថា ជាការរៀបចំដែលមានទ្រង់ទ្រាយ ធំជាងគេ ក្នុងចំណោមពិធីស្រាយបួស ដែលរៀបចំដោយរដ្ឋាភិបាល នៅតាមបណ្តា ប្រទេស នានាលើសាកលលោក។ ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅកម្ពុជា ហើយ មាននៅបណ្តាប្រទេសខ្លះចាប់ផ្តើមពីថ្ងៃទី១១ ខែមីនា ត្រូវនឹងថ្ងៃទី១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៥ មូហាំម៉ាត់សករាជ សាសនិកអ៊ិស្លាមកម្ពុជា ក៏ដូចជាសាសនិកអ៊ិស្លាម នៅលើសកលលោក កំពុងបួសតមអាហារ ភេសជ្ជៈ ។ល។ ពីព្រលឹមរហូតដល់ថ្ងៃលិច ប្រមាណជាង ១៤ ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះ រយៈពេលមួយខែក្នុង មួយ ឆ្នាំ ដែលជាកាតព្វកិច្ចទី ៤ ក្នុងចំណោមកាតព្វកិច្ចទាំង ៥ នៃអ្នកកាន់សាសនាអ៊ិស្លាម ។
សូមបញ្ជាក់ថា ខែរ៉ម៉ាឌន ត្រូវបានគេហៅជាទូទៅថា ជាខែដែលបងប្អូនខ្មែរអ៊ិស្លាមបួស ឬ ជាខែបួស ឬ ក៏ជាខែដែលជនមូស្លីមតមមិនបរិភោគ ឬ ផឹកនៅពេលថ្ងៃរយៈពេលមួយខែ។ សម្រាប់ឆ្នាំ២០២៤នេះ ខែរ៉ម៉ាឌន បានចាប់ផ្ដើមឡើង១២ ខែមីនា ឆ្នាំ២០២៤។ រ៉ម៉ាឌន ជាខែទី៩ ក្នុងប្រតិទិនចន្ទគតិ នៃសាសនាអ៊ិស្លាម ហើយដែលត្រូវបានចាត់ទុកថា ជាចៅហ្វាយនៃខែឯទៀតៗ។ ដោយសារក្នុងមួយឆ្នាំ នៃប្រតិទិនចន្ទគតិនេះ គឺមាន ១១ថ្ងៃ ខ្លីជាងប្រតិទិនសុរិយាគតិ ធ្វើឲ្យខែរ៉ម៉ាឌន វិលជុំថយក្រោយកាត់តាមរដូវនីមួយៗ ៕
ដោយ ៖ វណ្ណលុក