ទេសចរជាងមួយម៉ឺននាក់មកទស្សនាទិដ្ឋភាព សមរាត្រីនៅ ប្រាសាទអង្គរវត្ត

សៀមរាប៖នាថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា ចាប់តាំងពីព្រលឹមស្រាងៗ មុនព្រះអាទិត្យរះ នៅក្នុងបរិវេណប្រាសាទអង្គរវត្តនៃខេត្ត សៀមរាប ពោរពេញទៅដោយមនុស្សប្រុសស្រីចាស់ក្មេងចម្រុះជាតិសាសន៍ ពិសេស ទេសចរបរទេស បានមកផ្តុំគ្នាណែនណាន់ តាន់តាប់ ។ខ្លះអង្គុយ ខ្លះ ឈរ …ទៅតាមស្ថានភាពទីកន្លែងនិងទម្លាប់រៀងៗខ្លួន។ក្នុងដៃម្នាក់ៗកាន់ជាប់នូវទូរសព្ទ និងខ្លះកាន់ម៉ាស៊ីន ថត ដោយម្នាក់ៗ សម្លឹងទៅទិសខាងកើតឆ្ពោះទៅរកកំពូលប្រាសាទ ស្ទើរមិនហ៊ាន ដាក់ភ្នែក។នោះគឺការរង់ចាំទស្សនា សមរាត្រី ឬនិយាយបែបសាមញ្ញព្រះ អាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដែលតែងកើតឡើងចំនួនពីរដងក្នុងមួយឆ្នាំ។

ខណៈដែលព្រះអាទិត្យបានបណ្ដែតខ្លួនបន្តិចម្តងៗផុតពីចុងព្រឹក្សាដែលស្ថិតនៅទិសខាងកើតនៃប្រាសាទអង្គរវត្ត សំឡេងខ្ញៀវខ្ញា
បាន បន្លឺឡើងកងរំពង ដោយក្នុងដៃកាន់ជាប់នូវម៉ាស៊ីនថត ឬទូរសព្ទរង់ថតផ្តិតយករូបភាពដ៏អស្ចារ្យគ្មានពីរ ដែលនឹងកើតឡើង
នៅពេលបន្តិចទៀត។សំឡេងដែលបង្ហាញពីក្តីរំភើបចេញពីក្នុងបេះដូងនៃអ្នកទន្ទឹងរង់ចាំយ៉ាងអន្ទះសារ កាន់តែលាន់លឺឡើង នៅពេលព្រះអាទិត្យបានងើតផុតចុងព្រៃ ហើយធ្វើដំណើរសន្លឹមៗខ្ពស់ឡើងៗ នៅចំកំពូលកណ្តាលនៃ ប្រាសាទ អត់មានល្អៀង។

មន្រ្តីជំនាញបានអះអាងនៅក្រោយព្រឹត្តិការណ៍សមរាត្រីបញ្ចប់ថា មានភ្ញៀវចម្រុះជាតិសាសន៍ជាងមួយម៉ឺននាក់បានមក ទស្សនា ទិដ្ឋភាពដ៏អស្ចារ្យនៃប្រាសាទអង្គរវត្ដ។

ភ្ញៀវទេសចរជាតិចំនួនពីរនាក់ដែលសម្ភាសដោយអ្នកយកព័ត៌មានទូរទស្សន៍អប្សារា បានប្រាប់ថា ទោះបីជាធ្លាប់បានមកទស្សនា ប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ តែនេះជាលើកទីមួយ ហើយ បានចូលមកទស្សនាថ្ងៃរះចំកំពូលប្រាសាទ។ពួកខ្លួនមាន មក កាន់ប្រាសាទអង្គរតាំងពីម៉ោង៥ព្រឹក ហើយបានឃើញភាព ស្រស់ ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹក បញ្ចេញពន្លឺព័ណ៌មាសស្របពេលមានទេសភាពសម្រស់ខៀវខ្ចីនៃរុក្ខជាតិនិងស្មៅក្នុងបរិវេណអង្គរ។

ដោយឡែក អ្នកទេសចរមកពីសហរដ្ឋអាមេរិក ក៏បានបង្ហាញ អារម្មណ៍ភ្ញាក់ផ្អើលនិងសប្បាយចិត្ដយ៉ាងខ្លាំង ពេលមកដល់ប្រាសាទ អង្គរ ។អ្នកទេសចររូបនេះបានអះអាងថា ព្រះអាទិត្យរះចំកណ្ដាល កំពូលប្រាសាទ ពិតជាអស្ចារ្យនិងមានភាពស្រស់ស្អាត ដែល ប្រទេសដទៃទៀតមិនអាចប្រៀបផ្ទឹមបាន។ភ្ញៀវទេសចរដដែល បានបន្ដថា នេះជាលើកទីមួយហើយដែលបានប្រទេសកម្ពុជាមាន ប្រជាពលរដ្ឋច្រើនកុះករបានទស្សនាថ្ងៃរះនាពេលព្រឹកព្រលឹម។

ព្រឹត្ដិការណ៍សមរាត្រី (Equinox)ឬ ថ្ងៃរះចំកំពូលកណ្ដាលនៃ ប្រាសាទអង្គរតែងកើតឡើងចំនួនពីរដងជារៀងរាល់ឆ្នាំ។ គឺនៅចន្លោះ ថ្ងៃទី២០-២២ ខែមីនា និងចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា។សមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នាថ្ងៃទី២១ ខែមីនា មានភ្ញៀវ ទេសចរ និងប្រជាពលរដ្ឋខេត្តសៀមរាប បានមកទស្សនាសមរាត្រី ប្រមាណ ជាងមួយម៉ឺននាក់។ ក្នុងនោះអ្នកទេសចរ អរន្ដរជាតិជាង២ ៥០០នាក់ និងភ្ញៀវជាតិចម្រុះចំនួនប្រមាណ ៧ ៥០០នាក់។

ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្តបានក្លាយជាអច្ឆរិយៈមួយរបស់កម្ពុជា ដែលមានភាពទាក់ទាញខ្លាំងលើវិស័យ ទេសចរណ៍៕
អត្ថបទនិងរូបភាព៖ ស៊ាន សុផាត

ads banner