បណ្ឌិត អូស្មាន ហាស្សាន់ ៖ សាសនិកអ៊ិស្លាមកម្ពុជាទាំងអស់ នៅតែចងចាំជានិច្ចថា អ្វីដែលមនុស្សក្នុងសង្គមត្រូវការមុនគេនោះ គឺសុខសន្តិភាព
(ភ្នំពេញ)៖ សាសនិកអ៊ិស្លាមកម្ពុជាទាំងអស់ នៅតែចងចាំជានិច្ចថា អ្វីដែលមនុស្សក្នុងសង្គមត្រូវការមុនគេនោះ គឺសុខសន្តិភាព ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការ រៀបចំពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាអ៊ិស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមជាង ៦០០០នាក់ ។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងថា យើងខ្ញុំនៅតែចងចាំជានិច្ចថា អ្វីដែលមនុស្សក្នុងសង្គមត្រូវការមុនគេនោះ គឺ សុខសន្តិភាព ទើបមានការអភិវឌ្ឍរីកចម្រើនកើនឡើងទៅបាន និងមានអ្វីៗកើតមានជាបន្តបន្ទាប់ទៀត ហើយក៏នៅតែចងចាំថា សុខសន្តិភាព ដែលបានមកនៅក្បែរយើងសព្វថ្ងៃនេះ មិនមែនបានមកដោយចៃដន្យនោះទេ គឺបានមកដោយការខិតខំតស៊ូលះបង់របស់ សម្តេចតេជោ រួមនឹងឥស្សរជនជាតិ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមានការគាំទ្រដ៏ច្រើនពីកងទ័ព និងប្រជាជនកម្ពុជា ដែលបាននាំមកឱ្យយើងទាំងអស់គ្នាទទួលបាននូវការរស់នៅប្រកបដោយក្តីសុខសាន្តដូចសព្វថ្ងៃនេះ រួមទាំង សម្តេចធិបតី ដែលត្រូវបានទទួលធ្វើការដឹកនាំបន្ត ដែលកំពុងតែមានសន្ទុះរីកចម្រើន ថែមទៀតយ៉ាងលឿន ។
ឯកឧត្តមបណ្ឌិតបានបន្តថា ការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ជាពិសេសតាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ពិតជាបាននាំមកនូវការបង្រួបបង្រួម ផ្សះផ្សារជាតិ សន្តិភាព និងស្ថិរភាពនយោបាយ ដែលបានក្លាយជាចលករ និង ចន្ទល់ដ៏រឹងមាំ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ដោយមានគោលនយោបាយសុខដុមនីយកម្ម ប្រជាជនកម្ពុជាគ្រប់ជនជាតិ បានបំពេញកាតព្វកិច្ចគោរពប្រតិបត្តិសាសនា ដោយមានសិទ្ធិសេរីភាពពេញលេញ គ្មានការភ័យខ្លាច ការរើសអើង ប្រកាន់ជាតិសាសន៍ និងសាសនា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ត្រឹមតែរយៈពេលជិត ៧ខែ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិ បានទទួលស្គាល់ថា ពិតជារាជរដ្ឋាភិបាល មានសកម្មភាពបោះជំហានយ៉ាងលឿន ហើយមានចក្ខុវិស័យច្បាស់លាស់ ជារាជរដ្ឋាភិបាលដែលមានមេដឹកនាំវ័យក្មេង តែបទពិសោធចាស់ទុំ និងជារាជរដ្ឋាភិបាលដែលព្យាយាមប្រើពេលតិច តែធ្វើឱ្យបានច្រើន ។
ឯកឧត្តមបណ្ឌិត អូស្មាន់ ហាស្សាន់ បានបញ្ជាក់ថា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានរដ្ឋជាសមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត ២ពាន់លាននាក់ អង្គការសម្ព័ន្ធពិភពអ៊ិស្លាម (RABITA) និងបណ្តាប្រទេសនានាជាច្រើនទៀត បានវាយតម្លៃខ្ពស់និងបានកោតសរសើរដល់កម្ពុជា ដោយបានយកកម្ពុជាធ្វើជាគម្រូដ៏ល្អនៃប្រទេសដែលមានសុខដុមនីយកម្មជាតិសាសន៍និងសាសនា ដែលបានសាមគ្គីភាពនឹងគ្នា ប្រកបដោយការយោគយល់។ ដោយបានយកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍ខ្មែរអ៊ិស្លាម បន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់គោលនយោបាយ រៀបចំឱ្យមានបងប្អូនមុស្លិម បានចូលរួមបម្រើកិច្ចការជូនជាតិនៅក្នុងស្ថាប័ននីតិប្បញ្ញតិ នីតិប្រតិបត្តិ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីជាន់ខ្ពស់នគរបាល យោធា មន្ត្រីរាជការ នៅអាណត្តិទី៧នេះ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ពិធីពិសារអាហារស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាអ៊ិស្លាមកម្ពុជានាពេលនេះ ក៏ដោយសារតែរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី បន្តពីសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ លើកកម្ពស់ ផ្តល់សិទ្ធិសេរីភាពនៃជំនឿសាសនាដោយពេញលេញ បង្កើតបាននូវភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលជាកិត្តិយសរបស់សាសនាអ៊ិស្លាម ។ ចំណុចទាំងឡាយខាងលើនេះហើយ ដែលអង្គការសម្ព័ន្ពពិភពអ៊ិស្លាម (RABITA) បានសម្រេចទទួលយកកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិអ៊ិស្លាម ស្តីពីសុខដុមនីយកម្មនៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ នៅពេលវេលាសមស្របណាមួយ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ