សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីមោទនភាពចំពោះ ពលរដ្ឋកម្ពុជា ដែលគោរពសាសនាផ្សេងៗគ្នា ប៉ុន្ដែសាមគ្គីគ្នាបានយ៉ាងល្អប្រសើរ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីមោទនភាពចំពោះ ពលរដ្ឋកម្ពុជា ដែល គោរពសាសនាផ្សេងៗ គ្នា ប៉ុន្ដែសាមគ្គីគ្នាបានយ៉ាងល្អប្រសើរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាអ៊ិស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ នារសៀលថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួម ៦០០០នាក់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើឱ្យសាសនាទាំងអស់ទទួលបានការគាំពារ និងការលើកទឹកចិត្តសុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងរស់នៅក្នុងសន្ដិភាព និងការអភិវឌ្ឍ ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ផ្ដល់សិរីភាព ជំនឿង សាសនាយ៉ាងទូលំទូលាយ ដល់ប្រជាជនទូទៅដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិកនៅគ្រប់និកាយសាសនា និងប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅទប់ស្កាត់ការយកសាសនា ទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា ។
សម្ដេចធិបតី បានបន្តថា កម្ពុជា ពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្ដែមានសាមគ្គីគ្នាយ៉ាងល្អប្រសើរ។ កត្តានេះ មិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ខណៈដែលប្រទេសជាច្រើនបានកោតសរសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា ។
សម្តេចធិបតី បានបញ្ជាក់ថា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អជាមួយស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់សាសនិកនៅព្រះរាជាណាចក្រកម្ពុជា ទាំងបច្ចុប្បន្ន និងទៅអនាគត។
សម្ដេចបានមានប្រសាសន៍បន្ថែមថា កន្លងមក រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីកម្ពុជា បានរៀបចំឱ្យមានស្ថាប័នកំពូលអ៊ិស្លាម គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានផ្ដល់តួនាទីដល់ថ្នាកដឹកនាំសហគមន៍ខ្មែរអ៊ិស្លាមជាច្រើននៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កលក្ខណៈដល់សហគមន៍ខ្មែរអ៊ិស្លាម ហើយថ្មីៗមានថ្នាក់ដឹកនាំខ្មែរអ៊ិស្លាម ៥ រូប ក្នុងនោះមានស្រ្ដីមួយរូបបានជាប់ជាសមាជិកព្រឹទ្ធសភានីតិកាលទី៥ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ