សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រណិប័តន៍ជំនឿសាសនា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយគ្មានការរើសអើង។ នេះការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួម ពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាអ៊ិស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ នាថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការចូលរួមពិសាអាហារស្រាយបួសខែរ៉ាម៉ាឌនរួមគ្នាក្នុងថ្ងៃនេះ គឺជាការបញ្ជាក់អំពីអត្ថន័យដ៏សំខាន់ក្នុងទិដ្ឋភាពនៃសុខដុមភាវូបនីយកម្មសាសនានៅកម្ពុជា និងជាការចូលរួមគោរពផ្តល់តម្លៃចំពោះជំនឿសាសនា ទំនៀមទម្លាប់ និងប្រពៃណីដ៏បវររបស់សាសនិកអ៊ិស្លាម និងការបង្ហាញនូវសាមគ្គីភាព ក្នុងនាមពលរដ្ឋខែ្មរតែមួយ ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវឱ្យថ្នាក់ដឹកនាំឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការ សាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍ ។

ទន្ទឹមនេះ សម្តេចក៏បានណែនាំត្រូវបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរអ៊ិស្លាម តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ ។

ក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណបងប្អូនខ្មែរអ៊ិស្លាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលតែងតែជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជាពិសេស នៅតាមតំបន់សហគមន៍ ដែលមានបងប្អូនសាសនិកខ្មែរអ៊ិស្លាមរស់នៅអត្រាភាគរយ នៃការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានកម្រិតខ្ពស់គួរឱ្យកត់សម្គាល់ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner