សម្ដេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភស្បៀងអាហារ ជូនសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ
កំពង់ធំ៖ អង្ករចំនួន ១០តោន មីជាតិចំនួន ៥០០កេស ត្រីខកំប៉ុងចំនួន ១០០កេស និងទឹកត្រីទឹកស៊ីអ៊ីវចំនួន ៦០០យួរ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកនូវមកប្រគល់ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា ឆ្នាំ២០២៤ ។
ឯកឧត្តម គីម ប៊ុនថាន បានមានប្រសាសន៍ថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែបានគិតគូរយកចិត្តទុកដាក់ពិសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា ។
ជាមួយនេះដែរឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំយ៉ាងសកម្ម ក្នុងការជួយដោះស្រាយការលំបាកខ្វះខាត ជូនដល់បងប្អូនអតីតយុទ្ធជន និងប្រជាជននៅតាមបណ្ដាមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ យ៉ាងមមាញឹកដូចភ្លៀងរលឹម ហើយនិងបានណែនាំឲ្យបន្តសកម្មភាពនេះតទៅទៀត ដើម្បីបានជាប្រយោជន៍ដល់បងប្អូនអតីតយុទ្ធជនយើង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចជាកាល លោកតែងតែឧបត្ថម្ភស្បៀងអាហារ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ ជាបន្តបន្ទាប់សម្រាប់ជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាត ជូនបងប្អូនអតីតយុទ្ធជន និងប្រជាជននៅក្នុងខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តបន្តសកម្មភាពនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគទាំងនេះ ទៅផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត ពិតប្រាកដ នៅតាមមូលដ្ឋាននានា ៕
អត្ថបទនិងរូបភាពៈប៊ុន រដ្ឋា