ក្រសួងអប់រំណែនាំឱ្យពង្រឹងវិន័យ សណ្តាប់ធ្នាប់ ចំពោះសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាបន្ទាប់ពីឃើញកុមារនិងយុវជនមួយចំនួនរាំលេង តាមចង្វាក់ស៊ីផ្លែរថយន្តធំៗ

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងអប់រំយុវជន និង កីឡាបានចេញសេចក្តីណែនាំមួយដោយបញ្ជាក់ថានាពេលថ្មីៗនេះ តាមរយៈការបង្ហោះព័ត៌មាននៅតាមបណ្តាញសង្គមនានា កុមារ និងយុវជនមួយចំនួនបានរាំលេង តាមចង្វាក់ស៊ីផ្លែបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ដែលសកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពនៅតាមដងផ្លូវសាធារណៈ និងអាចបង្កភាពអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ឬអាច បណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។

ក្រសួងបានបញ្ជាក់ថាក្នុងគោលបំណងដើម្បីពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមដងផ្លូវសាធារណៈ ជាពិសេសសុវត្ថិភាព របស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម៖

១)គ្រូបង្រៀន
ត្រូវពង្រឹងវិន័យ និងបញ្ជ្រាបការអប់រំសីលធម៌ ចរិយាធម៌ និងឥរិយាបថក្នុងសង្គម ដល់សិស្សានុសិស្ស ក្នុងម៉ោងសិក្សាជាប្រចាំត្រូវគ្រប់គ្រងវត្តមានសិស្សតាមម៉ោងសិក្សាឱ្យបានម៉ឺងម៉ាត់ត្រូវពន្យល់ និងណែនាំសិស្សអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និង សុវត្ថិភាពអំឡុងពេលធ្វើដំណើរ
ត្រូវហាមសិស្សជាដាច់ខាតនូវរាល់សកម្មភាព ដែលបង្កភាពអាណាធិបតេយ្យ និងបាត់បង់សេចក្តីថ្លៃថ្នូរ ដូចជា ការរាំលេងតាមចង្វាក់ស៊ីផ្លែបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ជាដើម។

២)គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវណែនាំជាប្រចាំអំពី វិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀនដល់សិស្សានុសិស្សជំរុញ និងគាំទ្រដំណើរការក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជន ក្នុងការចូលរួមណែនាំ និងក្រើនរំលឹកសមាជិក ឱ្យផ្តោតលើការសិក្សារៀនសូត្រ និងលើកកម្ពស់ការអនុវត្តវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ ការអប់រំ សីលធម៌ និងចរិយាធម៌បង្កើតកម្មវិធីអប់រំសីលធម៌ និងចរិយាធម៌ គ្រប់រូបភាព ដើម្បីជួយគាំទ្រ និងបណ្តុះទម្លាប់ល្អរបស់សិស្សឱ្យ ក្លាយជាពលរដ្ឋពេញលេញ (មានចំណេះដឹងនិងជំនាញ, ចេះគោរពច្បាប់និងសណ្តាប់ធ្នាប់សង្គម…)។

៣) ការចូលរួមរបស់អ្នកពាក់ព័ន្ធ
មាតាបិតា និងអ្នកអាណាព្យាបាលត្រូវចូលរួម តាមដាន និងទប់ស្កាត់ការធ្វើសកម្មភាពរបស់កូនចៅ ដែល បង្កភាពអាណាធិបតេយ្យ និងបាត់បង់សេចក្តីថ្លៃថ្នូរ ជាក់ស្តែងដូចជាការរាំលេងតាមចង្វាក់ស៊ីផ្លេបែបភ្លេង របស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ជាដើម ។

មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុងស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការ និងគាំទ្រដល់សាលារៀន ក្នុងការពង្រឹងវិន័យ និងការអនុវត្ត បទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner