អង់គ្លេស-អូស្រ្តាលីចុះកិច្ចព្រមព្រៀងការពារជាតិថ្មី

កង់បេរ៉ា៖ ចក្រភពអង់គ្លេស និងអូស្ត្រាលី ក្នុងថ្ងៃព្រហស្បតិ្តនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយនៅទីក្រុងកង់បេរ៉ា ស្របពេលដែលប្រទេសទាំងពីរព្យាយាមជំរុញកម្មវិធីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយនៅទីក្រុងកង់បេរ៉ា ជាមួយសមភាគីអូស្តាលី លោក Richard Marles ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌច្បាប់ ដែលផ្តល់ភាពងាយស្រួលដល់ភាគីទាំងពីរ ក្នុងការធ្វើជាម្ចាស់ផ្ទះកងទ័ពមកពីប្រទេសដទៃ និងចែករំលែកព័ត៌មានសម្ងាត់យោធា។

លោក Shapps បាននិយាយបន្ទាប់ពីពិធីចុះហត្ថលេខាថា វាជារឿងវិសាមញ្ញ ពីព្រោះអង់គ្លេស និងអូស្ត្រាលី នៅមិនទាន់មានសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅឡើយទេ។ រីឯលោក Marles និយាយថា កិច្ចព្រមព្រៀងនេះ បានឆ្លុះបញ្ចាំងពីការបង្កើនការចូលរួមនៃកងកម្លាំងការពារជាតិប្រទេសទាំងពីរ ហើយវាក៏នឹងជួយសម្រួលដល់ការធ្វើការរួមគ្នាផងដែរ។

កិច្ចព្រមព្រៀងការពារជាតិថ្មីនេះដែរ ត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យនាវិកអូស្ត្រាលីហ្វឹកហាត់នៅលើនាវាមុជទឹកនុយក្លេអ៊ែររបស់អង់គ្លេស ឬសម្រាប់នាវិកអង់គ្លេសដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។ក្នុងនោះក៏រួមមានការពង្រឹងកិច្ចសហការក្នុងសង្គ្រាមក្រោមសមុទ្រ និងការរួមចំណែកកាន់តែច្រើនរបស់អង់គ្លេស ក្នុងការធ្វើសមយុទ្ធយោធារួមគ្នា ដែលរៀបចំដោយអូស្ត្រាលី។

បន្ថែមលើនេះ អូស្ត្រាលីក៏បានយល់ព្រមចូលរួមក្នុងសម្ព័ន្ធភាពជាមួយអង់គ្លេស និងឡាតវីផងដែរ ដែលមានគោលបំណងផ្គត់ផ្គង់យន្តហោះដ្រូនដល់អ៊ុយក្រែន ខណៈដែលទីក្រុងឡុងដ៍គឺជាអ្នកគាំទ្រដ៏សំខាន់របស់ទីក្រុងគៀវ ក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner