ការសិក្សាធំមួយព្រមានថា អត្រាមានកូនសកលនឹងធ្លាក់ចុះខ្លាំងនៅឆ្នាំ២១០០
ប៉ារីស៖ ការសិក្សាដ៏ធំមួយបានព្រមាននៅថ្ងៃពុធថា អត្រានៃការមានកូនជាសកល ត្រូវបានកំណត់ថា នឹងធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ៨០ឆ្នាំខាងមុខ ពោលគឺនៅឆ្នាំ២១០០ ដែលនាំឱ្យមានការផ្លាស់ប្តូរសង្គមដ៏គួរឱ្យភ្ញាក់ផ្អើល។
យោងតាមការសិក្សាដ៏ធំមួយ ដែលចេញផ្សាយដោយកាសែតអង់គ្លេស The Lancet បានព្យាករណ៍ថា ៩៧ភាគរយនៃបណ្តាប្រទេសនៅលើពិភពលោក នឹងជួបប្រទះចំនួនប្រជាជនធ្លាក់ចុះនៅក្នុងឆ្នាំ២១០០ខាងមុខ។ ហើយដើម្បីរក្សាទំហំប្រជាជនរបស់ខ្លួន ប្រទេសមួយទាមទារអត្រាមានកូនក្នុងអត្រា ២.១ ឬយ៉ាងហោចណាស់២នាក់ក្នុងចំណោមស្រ្តីម្នាក់។
រីឯនៅឆ្នាំ២០៥០ អ្នកស្រាវជ្រាវបានណែនាំថា ចំនួននេះនឹងបន្តធ្លាក់ចុះដល់អត្រា ១.៨៣ និងអត្រា ១.៥៩បន្ថែមទៀតនៅឆ្នាំ២១០០។ អត្រានៃការមានកូនជាសកលបានធ្លាក់ចុះពាក់កណ្តាល ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ពីប្រហែលកុមារ ៥នាក់ក្នុងចំណោមស្រ្តីជាម្តាយម្នាក់ក្នុងឆ្នាំ១៩៥០ មកត្រឹមតែកុមារ ២នាក់ ឬមានអត្រា ២.២ ក្នុងឆ្នាំ២០២១។
ការធ្លាក់ចុះយ៉ាងខ្លាំងអត្រានៃការមានកូននេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើចំនួនប្រជាជន សេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ សន្តិសុខស្បៀង សុខភាព និងបរិស្ថាន ខណៈដែលប្រទេសជាច្រើនលើពិភពលោក កំពុងជួបវិបត្តិចំនួនប្រជាជនវ័យចំណាស់ច្រើន និងការកាត់បន្ថយកម្លាំងពលកម្មយ៉ាងខ្លាំង នេះបើយោងតាមការសិក្សា។ យ៉ាងណាមិញ មានតែប្រទេសចំនួន២៦ប៉ុណ្ណោះ ក្នុងនោះរួមមានអង់ហ្គោឡា អ៊ូហ្គង់ដា ឆាដ និងសូម៉ាលី ដែលអាចមើលឃើញពីកំណើនប្រជាជននៅឆ្នាំ២១០០៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា