ខេត្តស្វាយរៀងកំពុងអនុវត្តគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តម្លៃជាង ៣០លានដុល្លារ

ស្វាយរៀងៈ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារចៃកា(JICA)នូវទឹកប្រាក់ចំនួន ៣ ៩៨៦ ០០០ ០០០ យ៉េន ឬប្រមាណ ៣០,៦ លាន ដុល្លារអាមេរិក កំពុងអនុវត្តនៅខេត្តស្វាយរៀង។គម្រោងនេះមានសមត្ថភាពផលិតទឹកស្អាតចំនួន ៦ ៨០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងដំឡើងបំពង់ប្រវែង១១១.៨គីឡូម៉ែត្រ ។ គម្រោងបានចាប់ផ្តើមដំណើរការអនុវត្តគម្រោងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

ព័ត៌មាននៃការអនុវត្តនេះត្រូវបានបង្ហាញឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឳកាសជំនួបរវាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជាមួយលោក គីអ៊ីយូស៊ី គូសាកា(Kiyoshi KUSAKA )ទីប្រឹក្សាបច្ចេកទេស (CTI) និងជាតំណាង JICA និងលោក តាកាហ៊ីកូ តូមីតា(Takahiko TOMITA )ប្រធានគ្រប់គ្រងគម្រោង តំណាងក្រុមហ៊ុនសាងសង់ គូប៊ូតា(KUBOTA )។លោកតំណាងភ្នាក់ងារចៃកា បានរាយការណ៍អំពីវឌ្ឍនភាពនៃគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តស្វាយរៀង។ 

ក្នុងឳកាសនេះឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណនិងគាំទ្រគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនដែលកំពុងចាប់ផ្តេីមសាងសង់នាពេលនេះ។ 

ចំណែកលោក Kiyoshi KUSAKA បានជម្រាបឯកឧត្តមអភិបាលខេត្តអំពីព័ត៌មានស្តីពីគម្រោង និងវឌ្ឍនភាពនៃដំណើរការគម្រោង និងលេីកឡេីងនូវសំណូមពរមួយចំនួនដល់រដ្ឋបាលខេត្តដេីម្បីចូលរួមសហការផងដែរ៕
ដោយ: នុត នាង

ads banner