ឱនភាពវិស័យសាធារណៈបារាំងក្នុងឆ្នាំ២០២៣ អាក្រក់ជាងការព្យាករណ៍

ប៉ារីស៖ រដ្ឋមន្ត្រីរដ្ឋាភិបាលមួយរូប នៅថ្ងៃព្រហស្បតិ៍ និយាយថា ឱនភាពវិស័យសាធារណៈរបស់ប្រទេសបារាំងក្នុងឆ្នាំ២០២៣ អាក្រក់ជាងការព្យាករណ៍ ដោយលើកឡើងពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដែលជាកត្តាចម្បងសម្រាប់ការធ្លាក់ចុះនេះ។

រដ្ឋមន្ត្រីទទួលបន្ទុកគណនេយ្យសាធារណៈបារាំង លោក Thomas Cazenave បានប្រាប់ទូរទស្សន៍ Franceinfo ថា ឱនភាព ឥឡូវនេះត្រូវបានគេរំពឹងថា នឹងមានលើសពី ៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នេះបើធៀបនឹងការប៉ាន់ប្រមាណឱនភាពផ្លូវការរបស់រដ្ឋាភិបាលចំនួន ៤.៩ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។

លោក Cazenave បានលើកឡើងពីការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងអឺរ៉ុប ហើយសង្គ្រាមអ៊ុយក្រែនជាហេតុផល ហើយថា កត្តាទាំងនេះបានបង្កើត “ស្ថានភាពថ្មី” សម្រាប់ប្រទេសបារាំង។ ដូចសមាជិកតំបន់ចាយប្រាក់អឺរ៉ូទាំងអស់ដែរ ប្រទេសបារាំងបានប្តេជ្ញារក្សាឱនភាពរបស់ខ្លួនឱ្យនៅខាងក្រោម ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ជាមួយគ្នានេះ បារាំងបានប្រកាសកាត់បន្ថយការចំណាយចំនួន ១០ពាន់លានអឺរ៉ូ ឬប្រហែល ១០.៨ពាន់លានដុល្លារក្នុងឆ្នាំនេះ ដើម្បីគ្រប់គ្រងការខាតបង់។

ការកាត់បន្ថយនេះ នឹងជួយរដ្ឋាភិបាលបារាំងឱ្យសម្រេចបាននូវគោលដៅឱនភាពរបស់ខ្លួនសម្រាប់ឆ្នាំនេះ ចំនួន ៤.៤ភាគរយនៃផលិតផលក្នុងស្រុកសរុប។ រដ្ឋាភិបាលបារាំងក៏បាននិយាយដែរថា ខ្លួនសង្ឃឹមថា នឹងធ្វើឱ្យឱនភាពរបស់ខ្លួនទាបជាង ៣ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៧៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner