រដ្ឋបាលខេត្តកំពង់ចាមត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីឱ្យបានល្អ និងសប្បាយរីករាយ
កំពង់ចាម៖ជាខេត្តជាប់ដងទន្លេមេគង្គលើ និងប្រកបដោយ សក្ដានុពលចម្រុះ ទាំងសេដ្ឋកិច្ចនិងទេសចរណ៍ផង ខេត្តកំពង់ ចាម ឆ្នាំនេះនឹងរៀបចំពិធីទទួលទេវតាឆ្នាំថ្មីឆ្នាំរោង ឆស័ក ពុទ្ធសក រាជ២៥៦៧ ឱ្យបានអធឹកអធម និងបង្កបរិយាកាស សប្បាយ រីករាយជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវ ទេស ចរជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យដ៏ធំប្រចាំ ឆ្នាំរយៈពេល បួនថ្ងៃនេះ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានប្រកាស ពីផែនការគោលមួយក្នុងឱកាសដឹកនាំកិច្ចប្រជុំរៀបចំ ផែនការ ដើម្បី ចូលរួមអបអរសាទរចូលឆ្នាំថ្មី ឆ្នាំរោង និងរៀបចំការងារ សន្តិសុខសណ្ដាប់ធ្នាប់ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋ ឱ្យមកលេង កម្សាន្តប្រកបដោយភាពសុដុមរមនា និងសុខ សុវត្ថិភាព។
កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា ឯកឧត្តមអភិបាលខេត្ត បានប្រាប់សមាជិកអង្គប្រជុំថា រដ្ឋបាលខេត្តនឹងរៀបចំ កម្មវិធីសង្ក្រាន្ត ដើម្បីឆ្លងឆ្នាំចាស់ ឆ្នាំថោះ បញ្ចស័ក ផ្លាស់ ចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ទៅតាមទីកន្លែង និងរមណីយដ្ឋាន នានាក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។រៀបចំព្រឹត្តិការណ៍នេះ ដើម្បីចូលរួមអបអរសាទរទេព្ដាឆ្នាំថ្មីផង និងបង្កលក្ខណៈ សប្បាយរីករាយជូន ប្រជាពលរដ្ឋនៅទូទាំងខេត្តនិងភ្ញៀវជាតិ អន្តរជាតិមកពីកន្លែងដទៃផងនិងរួមគ្នាស្វាគមន៍ឆ្នាំថ្មីក្រោម ដំបូលនៃសុខសន្តិភាពផង។
ការថែរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ,ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ ដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ស្ថិតក្នុងផែនការនៃត្រៀមចំពិធីប្រចាំឆ្នាំដ៏ធំនេះផងដែរ។
ឯកឧត្តមអភិបាលខេត្តបានណែនាំដល់អាជ្ញាធរក្រុង ស្រុក និង មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តភារកិច្ចធ្វើយ៉ាងណា បង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងការ លេង ល្បែងប្រជាប្រិយ និងដំណើរកម្សាន្តឱ្យបានល្អប្រសើរ បំផុត។ក្នុងនេះក៏ត្រូវយកចិត្តទុកដាក់លើករណីគ្រោះថ្នាក់ ជាយថា ហេតុនានា។
សូមជម្រាបថា ខេត្តកំពង់ចាមមានល្បីល្បាញនូវឆ្នេរខ្សាច់ កោះប៉ែន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តភ្នំប្រុស ភ្នំស្រី ប្រាសាទនគរបាជ័យ ជាដើម។
ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕
អត្ថបទនិងរូបភាព៖លី ពៅ