ព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា-អន្តរជាតិលើកទី១៥ បើកដំណើរការរយៈពេល ៥ថ្ងៃនៅទីក្រុងកោះពេជ្រ
ភ្នំពេញ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមីនា បានសម្ពោធដំណើរការបង្ហាញជាផ្លូវការ ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា-អន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ និង ព្រឹត្តិការណ៍នារីឯកលើកទី១ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនា ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ថ្លែងក្នុងពិធីនេះ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហាញពីការគាំទ្រ ចំពោះផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅលើទីផ្សារពិភពលោក ជាពិសេសនៅកម្ពុជា គឺមានការច្នៃម៉ូត ការរចនាប្រកបដោយប្រណិតភាព ឆ្លើយតបនឹងតម្រូវការទីផ្សារ។ ជាមួយគ្នានេះ លោកជំទាវបានអំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងឱ្យបានកាន់តែហ្មតចត់ថែមទៀត ទៅលើគុណភាព ប្រសិទ្ធភាព ដើម្បីធានាបាននូវការប្រកួតប្រជែងប្រកបដោយឧត្ដមភាព និងនិរន្ដភាពលើទីផ្សារជាតិ និង អន្ដរជាតិ។
នាឱកាសនោះដែរ លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើដល់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ឲ្យពង្រឹងការគ្រប់គ្រងលើគុណភាពផលិតផល និងរៀបចំកសាងក្រមសីលធម៌ វិជ្ជាជីវៈ លើវិស័យគ្រឿងអលង្ការអោយកាន់តែមានប្រសើរថែមទៀត ដើម្បីបង្កើនទំនុកចិត្តអតិថិជនទាំងក្នុង និងក្រៅប្រទេស។ លោកជំទាវបានស្នើដល់សមាគមឲ្យខិតខំប្រមូលផ្ដុំពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃ ឲ្យរួបរួមគ្នាជាធ្លុងមួយ ដើម្បីងាយស្រួលគ្រប់គ្រងព័ត៌មានទីផ្សារកាន់តែទូលំទូលាយថែមទៀត និងបានលើកទឹកចិត្ដដល់សមាគម ព្រមទាំងដៃគូពាក់ព័ន្ធបន្ដអនុវត្ដនូវគំនិតផ្ដួចផ្ដើម និងវិធានការចាំបាច់នានា ក្នុងការរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់ដល់ការយល់ដឹងពីវិស័យគ្រឿងអលង្ការ ដើម្បីធានាបាននូវការប្រកួតប្រជែងប្រកបដោយឧត្ដមភាព និងនិរន្ដភាពលើឆាកអន្ដរជាតិ។
លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្តីទីសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា មានប្រសាសន៍ថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា-អន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ និងការសម្ពោធជាផ្លូវការនៃកម្មវិធីនារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិលើកទី១នេះ មានគោលបំណងឲ្យបងប្អូនអាជីវករ ពាណិជ្ជករ និងក្រុមហ៊ុនគ្រឿងអលង្ការទាំងក្នុងស្រុក និងក្រៅស្រុក មានការតាំងបង្ហាញនូវគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់ខ្លួន ទាំងលើទីផ្សារជាតិ និងអន្តរជាតិ ដើម្បីបញ្ចេញនូវភាពល្អឥតខ្ចោះ នៃផលិតផលរបស់ខ្លួន និងការកែច្នៃម៉ូតជាច្រើន ព្រមទាំងការប្រកួតប្រជែងនូវផលិតផលនាំចេញនាំចូលទាំងថ្នាក់ជាតិ និងអន្តរជាតិគ្រប់បណ្តាប្រទេសដែលជាដៃគូរបស់កម្ពុជាយើង។ លោកប្រធានស្តីទីសង្កេតឃើញថា គ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជាយើង បច្ចុប្បន្នមានសន្ទុះយ៉ាងខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក ម្យ៉ាងទៀត នៅពេលការដាក់តាំងបង្ហាញនៅតាមបណ្តាប្រទេសផ្សេងៗ ដូចជាឥណ្ឌា ថៃ ចិន ក្នុងទីក្រុងហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀតក្នុងទ្វីបអាស៊ី រួមបញ្ចូលទាំងទ្វីបអឺរ៉ុប ដែលជាដៃគូរបស់កម្ពុជាយើង គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំង នូវការរចនាច្នៃម៉ូតក្បាច់ក្បូរពីស្នាដៃរបស់បងប្អូនខ្មែរយើង៕ អត្ថបទ៖ ឈឹម ទីណា