ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ តម្លៃជិត ២០លានដុល្លារ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួម ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ក្នុងពិធីសម្ពោធស្ថានីយ៍អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ តម្លៃជិត ២០លានដុល្លារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួមដែលយើងចាំបាច់ត្រូវធ្វើដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញា ក្នុងការដឹកនាំខេត្ត ក៏ដូចជាការខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ដែលសម្ពោធនាពេលនេះ ។

សមិទ្ធផលទាំងឡាយនៅក្នុងខេត្តព្រះសីហនុ បានឆ្លើយតបយ៉ាងសកម្មទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឬតំបន់ឆ្នេរ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ជាកន្លែងបង្កើតការងារសំរាប់ប្រជាពលរដ្ឋ ជាទីក្រុងងាយស្រួលរស់នៅ និងមានសេដ្ឋកិច្ចខ្លាំង ។

សូមបញ្ជាក់ថា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ តម្លៃជិត ២០លានដុល្លារបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដោយក្រុមហ៊ុន Xwater technology Co. LTD ។

ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ មានតួនាទីបន្សុទ្ធទឹកកខ្វក់ ឱ្យក្លាយជាទឹកស្អាតស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅសមុទ្រ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥ ២០០ម៉ែត្រគូបក្នុង ១ថ្ងៃ , ស្ថានីយ៍ទី២ មានសមត្ថភាព ៧ ២០០ម៉ែត្រគូបក្នុង១ថ្ងៃ និងទី៣ ២ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទាំងនេះប្រើបច្ចេកវិទ្យាចុងក្រោយរបស់ MABR ដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner