អង់គ្លេស-អូស្រ្តាលីអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ ក្នុងសង្គ្រាមហ្គាហ្សា

កង់បេរ៉ា៖ អូស្រ្តាលី និងអង់គ្លេស នៅថ្ងៃសុក្រនេះ បានប្រកាសទាមទារឱ្យមានបទឈប់បាញ់បន្ទាន់ ក្នុងសង្គ្រាមហ្គាហ្សា ខណៈដែលផ្នែកការទូតកំពុងដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យគិតឡើងវិញជុំវិញផែនការវាយលុកផ្លូវគោកនៅភាគខាងត្បូងនៃទីក្រុងរ៉ាហ្វា។

អង់គ្លេស និងអូស្រ្តាលី បានសង្កត់ធ្ងន់លើការបង្កើតបទឈប់បាញ់បន្ទាន់ ក្នុងសង្រ្គាមហ្គាហ្សា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានលំហូរជំនួយ និងការដោះលែងចំណាប់ខ្មាំង នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រមុខការពារជាតិ និងការទូតអង់គ្លេស និងអូស្រ្តាលីនៅក្នុងទីក្រុង Adelaide។

អង់គ្លេស និងអូស្ត្រាលី បានគូសបញ្ជាក់យ៉ាងដូច្នេះថា សម្រាប់ពេលនេះ បទឈប់បាញ់បន្ទាន់ គឺត្រូវការបន្ទាន់ ដើម្បីអនុញ្ញាតឱ្យមានលំហូរជំនួយ និងការដោះលែងចំណាប់ខ្មាំង ដែលនេះជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងយូរអង្វែង។

ទន្ទឹមគ្នា ប្រមុខការពារជាតិទាំងពីរបានហៅវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សាថា ជា “គ្រោះមហន្តរាយ” ហើយថែមទាំងបានអំពាវនាវដល់អ៊ីស្រាអែល អនុញ្ញាតឱ្យមានការផ្តល់ជំនួយជាបន្ទាន់ សុវត្ថិភាព គ្មានការរារាំង និងបង្កើនការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

ការអំពាវនាវនេះកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងដាក់ដំណោះស្រាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលនឹងសង្កត់ធ្ងន់លើការទាមទារឱ្យមានបទឈប់បាញ់បន្ទាន់នៅហ្គាហ្សា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner