ពិភពលោកប្រឈមកង្វះវ៉ាក់សាំងជំងឺអាសន្នរោគ

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) ថ្មីៗនេះ បានប្រកាសជំរុញឱ្យចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺអាសន្នរោគ ចំពេលមានកង្វះខាតវ៉ាក់សាំងបង្ការទូទាំងពិភពលោក។

ក្រុមសម្របសម្រួលអន្តរជាតិលើការផ្តល់ថ្នាំបង្ការ (ICG) របស់អង្គការសុខភាពពិភពលោក (WHO) និយាយថា មនុស្សរាប់លាននាក់ប្រឈមនឹងជំងឺអាសន្នរោគ ដោយសារតែអ្នកផលិតវ៉ាក់សាំងតែមួយគត់ គឺ EuBiologics របស់កូរ៉េខាងត្បូង មិនអាចឆ្លើយតបបានតាមតម្រូវការ។

ICG ដែលគ្រប់គ្រងស្តុកវ៉ាក់សាំងជំងឺអាសន្នរោគសកល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កង្វះវ៉ាក់សាំងធ្ងន់ធ្ងរ បើធៀបនឹងកម្រិតតម្រូវការបច្ចុប្បន្ន បានដាក់សម្ពាធដែលមិនធ្លាប់មានពីមុនមក លើស្តុកវ៉ាក់សាំងជាសកល។

ICG និយាយថា ការផលិតវ៉ាក់សាំងជាសកលនៅឆ្នាំ 2024 នឹងមានចន្លោះពី 17 លានទៅ 50 លានដូស ប៉ុន្តែវាទំនងជាមិនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់មនុស្សរាប់លាននាក់ ដែលរងផលប៉ះពាល់ដោយផ្ទាល់ដោយជំងឺអាសន្នរោគឡើយ។ ICG បន្ថែមថា ជំងឺអាសន្នរោគ គឺជាការឆ្លងមេរោគពោះវៀនស្រួចស្រាវ ដែលឆ្លងតាមរយៈអាហារ និងទឹកកខ្វក់ជាមួយនឹងលាមកដែលផ្ទុកបាក់តេរី Vibrio cholerae។

ការកើនឡើងនៃជំងឺអាសន្នរោគកំពុងជំរុញដោយកង្វះទឹកស្អាត សាប៊ូ និងបង្គន់។
ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេរួមមាន កុងហ្គោ អេត្យូពី ហៃទី សូម៉ាលី ស៊ូដង់ ស៊ីរី ហ្សំប៊ី និងហ្ស៊ីមបាវ៉េ។ នៅឆ្នាំ 2022 ចំនួនករណីកើតជំងឺអាសន្នរោគ ដែលរាយការណ៍ដល់ WHO បានកើនឡើងទ្វេដងពីឆ្នាំមុន ដល់ 473,000 ករណី។ ហើយនៅឆ្នាំ 2023 មានប្រហែលជា 700,000 ករណី៕

ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner