ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តពីរថ្ងៃអង្រួនដួងចិត្តអ្នកទេសចររាប់ម៉ឺននាក់

ភ្នំពេញ៖នៅថ្ងៃព្រសហ្បតិ៍និងថ្ងៃសុក្រនេះចាប់តាំងពីព្រលឹមស្រាងៗ មុនព្រះអាទិត្យរះ មនុស្សម្នាចម្រុះជាតិសាសន៍បានប្រមូលផ្តុំគ្នាដើម្បីទស្សនាព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬហៅថា សមរាត្រី។ ខ្លះអង្គុយ ខ្លះឈរ សម្លឹងទៅទិសខាងកើតឆ្ពោះទៅរកកំពូលប្រាសាទ ស្ទើរមិនហ៊ានដាក់ភ្នែក ប្រុងប្រៀបផ្តិតយកទិដ្ឋភាពដ៏អស្ចារ្យនេះ។

សំឡេងខ្ញៀវខ្ញា លាន់លឺកងរំពងនៅពេលព្រះអាទិត្យបានបណ្ដែតខ្លួនបន្តិចម្តងៗផុតពីចុងព្រឹក្សា។
សំឡេងហ៊ោកញ្ច្រៀវដែលបង្ហាញពីក្តីរំភើបចេញពីក្រអៅបេះដូងរបស់អ្នកទន្ទឹងរង់ចាំ កាន់តែលាន់លឺឡើង នៅពេលព្រះអាទិត្យបានអើតផុតចុងព្រៃ ហើយធ្វើដំណើរសន្លឹមៗខ្ពស់ឡើងៗរហូតរះចំកំពូលកណ្តាលនៃប្រាសាទអត់មានល្អៀង។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍មានភ្ញៀវជាតិ និងអន្តរជាតិជាងមួយម៉ឺននាក់ បានទស្សនាព្រឹត្តិការណ៍នេះ។ ក្នុងនោះអ្នកទេសចរ អរន្ដរជាតិជាង២ ៥០០នាក់ និងភ្ញៀវជាតិចម្រុះចំនួនប្រមាណ ៧ ៥០០នាក់។
ដោយឡែកនៅព្រឹកថ្ងៃសុក្រនេះ ចំនួនភ្ញៀវជាតិនិងអន្តរជាតិនៅតែមានចំនួនច្រើនកុះករដដែល។

លោក ពៅ អារុណ បានទៅមើលផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះ ជារៀងរាល់ឆ្នាំ។ លោកចាត់ទុកទិដ្ឋភាពនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ។ «យើងកោតសរសើរបុព្វបុរសយើងដែលលោកចេះ គណនានូវដំណើរគោចរព្រះអាទិត្យ ពេលដែលរះទៅចំកំពូលប្រាសាទ ខ្ញុំអត់ដឹងថាប្រទេសផ្សេងមានអត់ទេ តែសម្រាប់ប្រទេសយើងគឺអស្ចារ្យមែនទែន»។

ព្រឹត្ដិការណ៍សមរាត្រីកើតឡើងចំនួនពីរដងជារៀងរាល់ឆ្នាំគឺនៅចន្លោះ ថ្ងៃទី ២០-២២ ខែមីនា ដែលគេហៅថា សមរាត្រីរដូវប្រាំង និងចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ជាសមរាត្រីរដូវវស្សា៕
ដោយៈទួនសុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner