ផ្លូវជនបទកើនដល់ជាង ៥ ០០០គីឡូម៉ែត្រ តែមួយចំនួនមិនធន់អាកាសធាតុ
ភ្នំពេញ៖គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានផ្លូវជនបទសរុបជាង៥ ០០០គីឡូម៉ែត្រ ដែលស្មើនឹង ៧៤ភាគរយ នៃផ្លូវទាំងអស់នៅទូទាំងប្រទេស។ ប៉ុន្តែ ផ្លូវជាច្រើនក្នុងចំណោមនេះនៅប្រឈមនឹងបញ្ហាដោយសារមិនធន់នឹងបម្រែបម្រួលអាកាសធាតុ ដូចជា ទឺកជំនន់ រលកកម្តៅ ខ្យល់ព្យុះ និងភ្លើងឆេះព្រៃជាដើម។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃពុធម្សិលមិញ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការស្តារលើកកម្រិតផ្លូវជនបទប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ គឺជាទិសដៅសំខាន់ទី១ ដែលក្រសួងអភិវឌ្ឍន៍ជនបទត្រូវធ្វើបន្តនៅឆ្នាំបន្ទាប់។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំក្រសួងនេះកែលម្អផ្លូវតាមរយៈបច្ចេកវិទ្យាថ្មីៗ ដែលអាចធានាគុណភាពនៃការប្រើប្រាស់បានយូរ។
មានផ្លូវ៩៥ខ្សែ ឬស្មើនឹងជាង៤៤០គីឡូម៉ែត្រត្រូវបានលើកកម្រិតគុណភាពកាលពីឆ្នាំ២០២៣។ ក្រៅពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទក៏បានសាងសង់សំណង់សិល្បការ្យ ដូចជាសំណង់ស្ពាន លូ ជញ្ជាំងទប់ដី និងប្រព័ន្ធរំដោះទឹក ជាដើមចំនួនជាង ១ ៣០០កន្លែងដែលផ្តល់សុវត្ថិភាព ប្រសិទ្ធភាព និងស្ថិរភាពផ្លូវថ្នល់។ អត្រាគ្របដណ្តប់ទាំងទឹកស្អាត និងអនាម័យជនបទ បានកើនឡើងដល់ប្រមាណ ៨៥% ហើយជាង៧០០០ភូមិ នៅរាជធានី/ខេត្ត ចំនួន៧ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ក្រសួងគ្រោងពង្រីកការផ្តល់សេវាទឹកស្អាត និងអនាម័យជនបទឱ្យបានដល់ ១០០% នៅឆ្នាំ២០៣០ ។
ក្រៅពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធ តំបន់ជនបទរបស់កម្ពុជា ក៏ប្រឈមនឹងភាពតូចចង្អៀតនៃលំហូរសេដ្ឋកិច្ចផងដែរ។ ប្រជាកសិករច្រើនដែលមិនអាចពឹងមុខរបរអ្វីក្រៅពីការធ្វើស្រែចម្ការ ដែលពេលខ្លះប្រឈមនឹងបញ្ហាអាកាសធាតុ ដើមទុន និងប្រភពទឹក។ យុវជនមួយចំនួនបានចាកស្រុកភូមិរកការងារ។
ក្នុងកម្មវិធីកាលពីថ្ងៃពុធដដែល ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានគូសបញ្ជាក់ពីការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាជន។ ក្នុងនោះមានទាំងការផ្តល់ឥណទានសាច់ប្រាក់ដល់ប្រជាជន បង្កើតសហគមន៍សន្សំប្រាក់ បណ្តុះបណ្តាលជំនាញបំណិនជីវិត សហគ្រិនភាព និងជំនាញមូលដ្ឋាន ដើម្បីបង្កើតមុខរបរ និងបង្កើនចំណូលគ្រួសារជាដើម។ សកម្មភាពនេះនឹងពង្រីកបន្តនៅឆ្នាំ២០២៤នេះ។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ យល់ថា ការអភិវឌ្ឍន៍សហគមណ៍ត្រូវការផែនការគ្រប់ជ្រុងជ្រោយដែលគួរផ្តោតទៅដល់ថ្នាក់ភូមិ និងការគិតគូរពីការបម្រើដល់ជនពិការ ចាស់ជរា អ្នកខ្សត់ខ្សោយ និងកុមារជាដើម។ លោកលើកឡើង ទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងមហាផ្ទៃដែលមានយន្តការអភិវឌ្ឍន៍ថា្នក់ក្រោមជាតិ គួរតែមានការសហការគ្នាជិតស្និទ្ធ ដើម្បីទទួលបានភូមិឃុំមានសុវត្ថិភាព និងការអភិវឌ្ឍ៕
ដោយ៖ទួន សុផល