កិច្ចប្រជុំ GBC លើកទី១៦ បិទបញ្ចប់ ក្នុងរាជធានីភ្នំពេញ (Video Inside)
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ រយៈពេល៥ថ្ងៃ បានបញ្ចប់ជាមួយការលើកទិសដៅ «បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ រវាងកងកម្លាំងប្រដាប់អាវុធទាំង២ លើគ្រប់កម្រិត ដើម្បីបង្កើនសន្តិភាព ស្ថិរភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន»។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃលើកទី១៦ រវាងពីថ្ងៃទី១៨ដល់២២មីនា បានប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ ដោយចួលរួមដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំង២ ដែលធ្វើជាសហប្រធានរួមគ្នា។
សេចក្តីប្រកាសព័ត៌មានរួមថ្ងៃទី២២មីនា កិច្ចប្រជុំបានស្វាគមន៍ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការតំបន់ព្រំដែន។ កិច្ចប្រជុំ បានពិចារណាលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការបន្តទិសដៅអនុវត្តការងាររួមគ្នា ក៏ដូចជាបំពេញបន្ថែមកិច្ចសហប្រតិបត្តិការ លើការដោះមីននៅតាមតំបន់ព្រំដែន, ការដោះស្រាយបញ្ហាបំពុលផ្សែងឆ្លងដែន, ការរត់ពន្ធអាវុធ និងបញ្ហា Call Center។
ភាគីទាំង២ បានឯកភាពរក្សា និងជំរុញកិច្ចសប្រតិបត្តិការលើវិស័យសន្តិសុខ តាមព្រំដែនគ្រប់កម្រិតជាប្រចាំ ដើម្បីធានាបាននូវសន្តិភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន ដែលជាកត្តាសំខាន់បំផុត សម្រាប់ការអភិវឌ្ឍន៍នៃប្រទេសទាំង២។