គណបក្សនយោបាយចំនួន៥ ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា (Video Inside)

ចំនួនគណបក្សនយោបាយដែលត្រូវចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងប្រទេសកម្ពុជា មានសរុបចំនួន៥។

យោងតាមសចក្តីប្រកាសព័ត៌មានថ្ងៃទី២២មីនា របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សទាំង៥ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។

គណបក្សប្រជាជនកម្ពុជាបានឈរឈ្មោះទូទាំង២៥ខេត្ត និងរាជធានី, គណបក្សឆន្ទៈខ្មែរមាន ២៣ខេត្ត និងរាជធានី, គណបក្សកម្លាំងជាតិមាន២២ខេត្ត និងរាជធានី, គណបក្សហ៊្វុនស៊ិនប៉ិច មាន១៨ខេត្ត និងរាជធានី និងគណបក្សខ្មែររួបរួមជាតិមាន១៧ខេត្ត និងរាជធានី។

យោងតាម គជប ការចាប់លេខលំដាប់រៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត ត្រូវបានធ្វើរួចរាល់លើខេត្ត និងរាជធានីចំនួន ២៣ គិតត្រឹមថ្ងៃសុក្រនេះ។ ដោយឡែកខេត្តចំនួន ២ទៀត គឺខេត្តព្រៃវែង និងខេត្តក្រចេះ នឹងធ្វើការចាប់ឆ្នោតកំណត់យកលេខរៀងនៅថ្ងៃទី២៣ មីនា ឆ្នាំ២០២៤។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

ads banner