រកឃើញអ្នកឆ្លងអុតស្វា២រូបទៀតនៅរាជធានី (Video Inside)
ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជម្ងឺអុតស្វាថ្មីចំនួន២នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបបានកើនដល់១៤នាក់ហើយ ក្នុងប្រទេសកម្ពុជា។
អ្នកឆ្លងអុតស្វាទាំង២ដែលគេមិនបញ្ចេញអត្តសញ្ញាណនេះ ត្រូវបានបញ្ជាក់ថា ជាពលរដ្ឋស្នាក់នៅក្នុងរាជធានីភ្នំពេញ។
ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូងក្នុងប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។
ជម្ងឺអុតស្វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។
ក្រសួងសុខាភិបាលបានថ្លែងថា ការផ្ទុះឆ្លងនៃជម្ងឺអុតស្វាគិតត្រឹមថ្ងៃទី២៥ មករា ឆ្នាំ២០២៤ នៅទូទាំងសកលលោក មានមនុស្សឆ្លងចំនួន ៩ម៉ឺន ៣ពាន់ ៣០នាក់ ក្នុងប្រទេសចំនួន១១៧ មានអ្នកស្លាប់ចំនួន ១៧៦នាក់។