បក្សប្រឆាំងប្តូរបេក្ខភាពបោះឆ្នោតប្រធានាធិបតី នៅវ៉េណេហ្ស៊ុយអេឡា
ការ៉ាកាស់៖ មេដឹកនាំបក្សប្រឆាំងនៅប្រទេសវ៉េណេហ្ស៊ុយអេឡាបានសម្រេចតែងតាំងលោកស្រី Corina Yoris ជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដាខាងមុខ។
មេបក្សប្រឆាំង លោកស្រី Maria Corina Machado កាលពីថ្ងៃសុក្រ បានប្រគល់ការតែងតាំងទៅឲ្យលោកស្រី Corina Yoris បន្ទាប់ពីលោកស្រីត្រូវបានដកហូតសិទ្ធិឈរឈ្មោះ ពីសំណាក់តុលាការ។ ជាតុលាការដែលគេជឿថា មានលោកប្រធានាធិបតី Nicolas Maduro នៅពីក្រោយ។
តុលាការកំពូលរបស់វេណេហ្ស៊ុយអេឡា កាលពីខែមករា បានរារាំងលោកស្រី Machado វ័យ ៥៦ឆ្នាំ មិនឲ្យឈរឈ្មោះកាន់តំណែងសាធារណៈ រយៈពេល ១៥ឆ្នាំ។
លោកស្រី Corina Yoris គឺជាសាស្ត្រាចារ្យសាកលវិទ្យាល័យ។ លោកស្រី Machado បានលើកឡើងថា លោកស្រី Corina Yoris គឺជាមនុស្សដែលមានទំនុកចិត្តទាំងស្រុង សង្ឃឹមខ្ពស់ថា នឹងទទួលបានការគាំទ្រ និងការជឿទុកចិត្តពីអ្នកបោះឆ្នោត។
លោក Maduro បានគ្រប់គ្រងប្រទេសមួយនេះ ចាប់តាំងពីឆ្នាំ២០១៣ ប៉ុន្តែ លោកនៅតែចង់បន្តដឹកនាំប្រទេស បើទោះបីជាការធ្លាក់ចុះសេដ្ឋកិច្ចធ្ងន់ធ្ងរ នាំឱ្យពលរដ្ឋវេណេហ្ស៊ុយអេឡា ជាង ៧លាននាក់ ភៀសខ្លួនចេញពីប្រទេស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត