គណ:ប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យផែនការ វិនិយោគ និងធនធានទឹក នៅខេត្តពោធិ៍សាត់

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តពោធិ៍សាត់)៖ ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ គណ:ប្រតិភូគណ:កម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណ:កម្មការ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលខុសត្រូវ ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត  ពិសេសលើការងារធ្វើផែនការវិនិយោគ និងធនធានទឹក ។

ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ជម្រាបគណៈប្រតិភូរដ្ឋសភាពីស្ថានភាពទូទៅ និងសភាពការណ៍ ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនពីការងារមួយចំនួន ដែលទាក់ទិននឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការដូចជាការងាររៀបចំផែនការវិនិយោគនិងធនធានទឹកនៅក្នុងខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍ទៀតថា នៅលើការងារធ្វើផែនការ ខេត្តបានចុះប្រមូលទិន្នន័យផលិតផលក្នុងស្រុក សរុប GDP ប្រចាំឆ្នាំ ប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃទំនិញនៅលើទីផ្សារក្នុងក្រុង ស្រុក ភូមិ ឃុំ ជាប្រចាំ និងបានប្រមូលទិន្នន័យអត្តសញ្ញាណកម្មគ្រួសារ ក្រីក្រគ្រប់ភូមិ។ ខេត្តក៏បានធ្វើការវិភាគទិន្នន័យ ចងក្រងសៀវភៅឯកសារព័ត៌មាន សៀវភៅព័ត៌មានពិន្ទុតាមវិស័យ និងបានសម្របសម្រួល បច្ចេកទេសស្តីពីការរៀបចំគម្រោងសកម្មភាពអាទិភាពឃុំ សង្កាត់ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឃុំ សង្កាត់ ព្រមទាំងបានធ្វើការបញ្ចូលទិន្នន័យគម្រោងសកម្មភាពអាទិភាពឃុំ សង្កាត់ក្នុងប្រព័ន្ធបច្ចេកវិទ្យាតាមរយៈកម្មវិធីគ្រប់គ្រងគម្រោងថ្នាក់ក្រោមជាតិផងដែរ។

ចំពោះវិស័យវិនិយោគឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រុមហ៊ុនវិនិយោគ ដែលបានអនុវត្តនៅមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តពោធិ៍សាត់មានចំនួន ២៥ គម្រោង មានដូចខាងក្រោម៖ ១-គម្រោងផ្នែកវាយនភណ្ឌ មានចំនួន ៣ គម្រោង,២-គម្រោងវិនិយោគវិស័យកសិកម្មមានចំនួន៦ គម្រោង ៣-គម្រោងវិនិយោគវិស័យផលិតថាមពលអគ្គិសនីមានចំនួន៥ គម្រោង ៤-គម្រោងវិនិយោគវិស័យរ៉ែ(កិនថ្ម)មានចំនួន៤គម្រោង ៥-គម្រោងវិនិយោគវិស័យទេសចរណ៍សេដ្ឋកិច្ចពិសេស មានចំនួន១គម្រោង ៦-គម្រោងវិនិយោគវិស័យផលិតសម្ភារៈអគ្គិសនីមានចំនួន៥ គម្រោង និង៧-គម្រោងវិនិយោគវិស័យដំឡើងរថយន្ត(FORD) មានចំនួន ១គម្រោង។ ក្នុងខេត្តពោធិ៍សាត់មានប្រព័ន្ធធារាសាស្ត្រខ្នាតធំ មធ្យម និងតូចសរុបចំនួន ៥១ប្រព័ន្ធ។

ប្រព័ន្ធធារាសាស្ត្រ បាននិងកំពុងដំណើរការសរុបចំនួន ៣៣ប្រព័ន្ធ លើ ៥១ប្រព័ន្ធ ក្នុងនោះមានសំណង់ធំៗកាត់ស្ទឹងចំនួន ៤កន្លែង និងសំណង់សិល្បការ ចំនួន ៩៩៦កន្លែង ដែលមានខ្នាតធំចំនួន ៥កន្លែង ខ្នាតមធ្យមចំនួន ៣៩កន្លែង ខ្នាតតូចចំនួន ៥កន្លែង និងអាងស្តុកទឹកចំនួន ២កន្លែង និងប្រឡាយមេចំនួន ៣៣ខ្សែ ស្មើនឹងប្រវែង ៨៦,០៦៦ម៉ែត្រ និងប្រឡាយរងចំនួន ៩៣ខ្សែ ស្មើនឹងប្រវែង ២៧១,០៥៥ ម៉ែត្រ និងប្រឡាយជើងក្អែបចំនួន ១.៥៧៧ ខ្សែ ស្មើនឹងប្រវែង ១.៤២១.៩៧៣ ម៉ែត្រ និងទំនប់ដីសរុបចំនួន ៦កន្លែង មានប្រវែង ១៥.១៤១ ម៉ែត្រ ដែលអាចស្រោចស្រពរដូវវស្សាលើផ្ទៃដីចំនួន ៩៧.៧០១ ហិកតា និងរដូវប្រាំង លើផ្ទៃដី ចំនួន ២០.០៤៨ ហិកតា និងមានទំនប់ទី៣ និងទំនប់ទី៥ ដែលអាចផ្ទុកទឹកបាន ចំនួន ៥០លានម៉ែត្រគូប ដែលជាអាងស្តុកទឹកសម្រាប់ផ្គត់ផ្គង់ដល់ការស្រោចស្រព និងការប្រើប្រាស់តាមដងស្ទឹងពោធិ៍សាត់ ជាពិសេសសម្រាប់ស្រុកភ្នំក្រវាញ ស្រុកបាកាន ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា ទន្ទឹមនឹងលទ្ធផលសម្រេចបានទាំងអស់នេះ ខេត្តក៏បានជួបនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវខិតខំ ដោះស្រាយជាបន្តទៀតដែរ ដើម្បីរួមចំណែកក្នុងការសម្រេចតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល កម្ពុជា សំដៅលើកកម្ពស់កិច្ចអភិវឌ្ឍខេត្តឲ្យបានកាន់តែរីកចម្រើនថែមទៀត។

ក្រោយពីបានស្តាប់ការរាយការណ៍របស់ឯកឧត្តមអភិបាលខេត្តរួចមក ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានកោតសរសើរ ដោយបានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធនានា ដែលខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យខេត្តពោធិ៍សាត់មានការរីកចម្រើន ដោយបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តបានកាន់តែប្រសើរឡើង ដើម្បី ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាការរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។

បន្ទាប់មកគណ:ប្រតិភូគណ:កម្មការទី៣ នៃរដ្ឋសភា បានឣញ្ជើញចុះពិនិត្យមើលកន្លែងចិញ្ជឹមត្រីឈ្មោះ ឡេង ប៊ុនលី ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕

ប្រភព ៖ រដ្ឋសភា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner