ស្លាប់មនុស្ស ៤០នាក់ កំលុងការបាញ់ប្រហារក្នុងកន្លែងប្រគុំតន្រ្តី នៅរុស្ស៊ី

មូស្គូ៖ ការវាយប្រហារដោយកាំភ្លើង នៅកន្លែងប្រគុំតន្ត្រីមួយ ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី បណ្តាលឲ្យមនុស្សស្លាប់ យ៉ាងតិចណាស់ ៤០នាក់។

អាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅទីនោះ កាលពីថ្ងៃសុក្រ។ ក្រៅស្លាប់រាប់សិបនាក់ ក៏មានមនុស្ស១០០នាក់ផ្សេងទៀតរងរបួសផងដែរ។

អ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti នៅកន្លែងកើតហេតុផ្ទាល់ បានឱ្យដឹងថា អ្នកវាយប្រហារបានស្លៀកពាក់ឯកសណ្ឋានក្លែងបន្លំ ចូលទៅក្នុងអគារប្រគុំតន្រ្តី ហើយបើកការបាញ់ប្រហារ ដោយការគប់គ្រាប់បែកដៃ ឬបំផ្ទុះគ្រាប់បែក។ ភ្លាមៗ អគ្គីភ័យបានរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងសាលប្រគុំតន្ត្រី ខណៈដែលផ្សែងហុយពេញអគារ ហើយអ្នកទស្សនាបានប្រញាប់ប្រញាល់ ទៅកាន់ច្រកចេញ ជាបន្ទាន់។

អាជ្ញាធរបានសង្ស័យថា ជាស្នាដៃរបស់ពួកភេរវករ។ រីឯ ក្រុមរដ្ឋឥស្លាម IS បាននិយាយថា ក្រុមយុទ្ធជនរបស់ខ្លួន ជាអ្នកវាយប្រហារ ហើយបានត្រលប់ទៅមូលដ្ឋានរបស់ពួកគេវិញ ដោយសុវត្ថិភាព ។

កាលពីដើមខែនេះ ស្ថានទូតអាមេរិកប្រចាំរុស្ស៊ីបាននិយាយថា ខ្លួនកំពុងតាមដានរបាយការណ៍ដែលថា «ពួកជ្រុលនិយម» រៀបចំផែនការកំណត់គោលដៅ វាយប្រហារនៅកន្លែងប្រមូលផ្តុំ ក្នុងទីក្រុងមូស្គូ រួមទាំង ការប្រគុំតន្ត្រីផងដែរ។

គួររម្លឹកថា កាលពីឆ្នាំ ២០០២ មានការប៉ះទង្គិចរវាងកងកម្លាំងរុស្ស៊ី និងក្រុមសកម្មប្រយុទ្ធ រំដោះចំណាប់ខ្មាំង ស្លាប់មនុស្ស ១៣០នាក់ នៅក្រុងមូស្គូ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner