រដ្ឋលេខាធិការក្រសួងអធិការកិច្ច ណែនាំឱ្យប្រធានមន្ទីរ រាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់លើការងារតាមដានការអនុវត្តច្បាប់ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ ក្រសួងអធិការកិច្ច បានរៀបចំពិធីសំណេះសំណាល និងកិច្ចប្រជុំពិភាក្សាលើការងារតាមដានការអនុវត្តច្បាប់ ជាមួយមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធស ភា និងអធិការកិច្ច រាជធានី ខេត្ត ក្រោមអធិបតី ឯកឧត្តម លីវ សុភក្ត្រា និងឯកឧត្តម មួន ឌីណា រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច  ដោយមានការចូលរួម ឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តមអគ្គនាយករង ឯកឧត្តមទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃនាយកដ្ឋានតាមដានការអនុវត្តច្បាប់ ប្រធានមន្ទីរ និងមន្ត្រីមកពីមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្តទាំង២៥ សរុបចំនួន ១២៧នាក់ នៅទីស្តីការក្រសួងអធិការកិច្ច។

ឯកឧត្តម លីវ សុភក្ត្រា មានប្រសាសន៍ថាពិធីសំណេះសំណាល និងកិច្ចប្រជុំពិភាក្សានេះ មានគោលបំណងចែករំលែកបទពិសោធន៍ និងការអនុវត្តតួនាទីភារកិច្ចរបស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្ត ពាក់ព័ន្ធសកម្មភាពការងារ បញ្ហាប្រឈម សំណូមពរ និងលើកទិសដៅការងារបន្ត លើការងារតាមដានការអនុវត្តច្បាប់ ដើម្បីជាមូលដ្ឋានសម្រាប់ប្រមូលធាតុចូលនូវបញ្ហាទាំងអស់នោះ រួចហើយដាក់ចេញនូវវិធានការឱ្យអនុវត្តលើការងារតាមដានការអនុវត្តច្បាប់ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ដើម្បីចូលរួមការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល គឺការពង្រឹងប្រសិទ្ធភាពលើការងារអធិការកិច្ច ការងារតាមដានការអនុវត្តច្បាប់ ជាភារកិច្ចដ៏សំខាន់ សម្រាប់ កំណែទម្រង់ស្ថាប័ន និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណ: ដូចនេះយើងត្រូវសម្រួចតួនាទីភារកិច្ច និងបេសកកម្មចម្បងលើវិស័យអធិការកិច្ច ជាពិសេសត្រូវធ្វើទំនើបកម្មអធិការកិច្ច ឲ្យក្លាយទៅជា អធិការកិច្ចក្នុងបរិបទថ្មី ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner