លោកស្រី Xuan ធ្វើជាអនុប្រធានាធិបតីស្តីទីវៀតណាម
ហាណូយ៖ លោកស្រីអនុប្រធានាធិបតីវៀតណាម Vo Thi Anh Xuan ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី ជំនួសលោក Vo Van Thuong ដែលសុំលាឈប់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចុះផ្សាយថា នេះគឺជាលើកទី២ហើយ ដែលលោកស្រីធ្វើជាប្រធានរដ្ឋស្តីទី។
សភាវៀតណាមបានប្រជុំបិទទ្វារ ក្នុងកិច្ចប្រជុំវិសាមញ្ញមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយឯកភាពលើការលាលែងពីតំណែងរបស់លោកប្រធានាធិបតីលោក Vo Van Thuong នៅក្រោយពេលមួយថ្ងៃ ដែលលោកបានដាក់ពាក្យសុំលាឈប់។
ទីភ្នាក់ងារសារព័ត៌មាន VNexpress បានចុះផ្សាយថា លោកស្រី Xuan ធ្លាប់ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី កាលពីឆ្នាំមុនផងដែរ ជាពេលដែលអតីតប្រធានាធិបតី លោក Nguyen Xuan Phuc ចុះចេញ។ ក្នុងឋានៈជាប្រធានរដ្ឋស្ត្រីទី ពេលនោះ លោកស្រីបានតែងតាំងឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាម ចំនួន១៣រូប ប្រចាំនៅបរទេស។
សម្រាប់លើកទី២នេះ លោកស្រី Xuan វ័យ៥៤ឆ្នាំ នឹងកាន់តំណែងជាអនុប្រធានាធិបតី ឬអនុប្រធានរដ្ឋ រហូតដល់រដ្ឋសភាបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។
លោក Vo Van Thuong បានលាឈប់ជាប្រធានរដ្ឋ ក្រោយកាន់តំណែង បាន១ឆ្នាំ។ ការចុះចេញបានមានឡើង ស្របពេលដែលប្រទេសកុម្មុយនិស្តមួយនេះ កំពុងបោសសម្អាតអំពើពុករលួយ យ៉ាងក្តៅកគុក ទាំងលើអ្នកនយោបាយ និងក្រុមធុរជនកំពូលៗ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត