ពិភពលោករៀបចំទិវាមួយម៉ោងសម្រាប់ភពផែនដី

បរទេស៖ បណ្តាប្រទេសនានានៅទូទាំងពិភពលោក កាលពីថ្ងៃសៅរ៍ បានរៀបចំទិវាមួយម៉ោង សម្រាប់ភពផែនដី ឬ Earth Hour ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវរៀបចំឡើងដោយមូលនិធិសត្វព្រៃពិភពលោក ហៅកាត់ WWF ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការសន្សំសំចៃថាមពល។

នៅឯទីលាន St. Peter’s Square និង Basilica ក្នុងប្រទេសអ៊ីតាលី មានការបិតភ្លើង ងងឹតឈឹង អស់រយៈពេលមួយម៉ោង ដើម្បីរំលឹកដល់ទិវានេះ។ នៅឯប្រទេសសាយប្រឹស (Cyprus) ដែលជាប្រទេសអឺរ៉ុបមួយទៀត ក្រុមសកម្មជនអាកាសធាតុបានអុជទៀន និងបិទភ្លើង នៅក្នុងទីក្រុងចាស់ នៃរដ្ឋធានី Nicosia ដើម្បីប្រារព្ធទិវាផែនដី Earth Hour។ នៅក្នុងទីក្រុងប៉ារីស គេឃើញមានប៉ម Eiffel Tower ក្នុងទិដ្ឋភាពងងឹត ដើម្បីប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដីនេះ។ នៅប្រទេសឥណ្ឌា ក៏ឃើញមានភាពងងឹត នៅ Chhatrapati Shivaji ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងបុមបៃ រដ្ឋ Maharashtra។ នៅប្រទេសថៃ វត្តអរុណដ៏ល្បីល្បាញប្រចាំទីក្រុងបាងកក បានបិទភ្លើង រយៈពេលមួយម៉ោង ដើម្បីរំលឹកផងដែរ។

សម្រាប់កម្ពុជាវិញ WWF ប្រចាំកម្ពុជា និងក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធផ្សេងៗទៀត បានរៀបចំទិវានេះ ក្នុងសាលផ្សារទំនើបអ៊ីអនភ្នំពេញ ដោយមានការបិទភ្លើង ១ម៉ោង នៅម៉ោង៨យប់ និងប្រគុំតន្ត្រី ហើយក៏បានស្នើដល់ប្រជាជនកម្ពុជា ជាមួយប្រជាជនទូទាំងពិភពលោក ចូលរួមបិទភ្លើង ១ម៉ោងទៀតផង នេះបើតាម WWF ប្រចាំកម្ពុជា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner